សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ត ជួយដឹកកម្មករ កម្មការនី ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត ដោយមិនគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តចំនួន ៣០០ ទៅ ៣៥០គ្រឿង ដើម្បីជួយសម្រួលដឹកជញ្ជូនកម្មករកម្មការីនី ទៅធ្វើការបោះឆ្នោតនៅតាមបណ្តាខេត្ត ហើយការដឹកជញ្ជូននេះ គឺមិនគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយនោះទេ ។

បើតាមសារសម្លេងពិសេសសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១១កក្កដា បានផ្តោតសំខាន់លើ ២ចំណុច រួមមាន៖

ទី១៖ ការដឹកជញ្ជូននេះ មិនរើសអើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតឡើយ យើងដឹកគ្រប់និន្នាការនយោបាយ, ទី២៖ សម្តេចតេជោ បានស្នើឲ្យរៀបចំចំនួនរថយន្តឲ្យបានច្បាស់ ថាខេត្តណាតម្រូវការប៉ុន្មាន។

ជាមួយគ្នានេះ ការដឹកជញ្ជូននេះទៀតសោតគ្មានយកថ្លៃនោះទេ ដូច្នេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសាលារាជធានីភ្នំពេញ រៀបចំឲ្យមានអ្នកបើកបរឲ្យបានត្រឹមត្រូវ យកចិត្តទុកដាក់លើសុខុមាលភាពកម្មករកម្មការិនី។ យន្តការនេះនឹងជួយកាត់បន្ថយដល់ការចំណាយរបស់កម្មករកម្មការិនី ដែលត្រូវធ្វើដំណើរទៅបោះឆ្នោត។

សូមជម្រាបថា កម្មករនិយោជិត នឹងត្រូវបានឲ្យឈប់សម្រាក ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២ដល់២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រាក់បៀវត្ស ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។ សម្តេចតេជោ សង្ឃឹមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការដឹកជញ្ជូនទៅវិញទៅមកនេះ ដល់កម្មករនិយោជិត ឲ្យបានល្អប្រសើរបំផុត។

ក្រោយពីចេញសារសម្លេងបញ្ជាទៅអភិបាលរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្ត ដើម្បីជួយសម្រួលដឹកកម្មករកម្មការិនីទៅធ្វើការបោះឆ្នោតហើយនោះ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់បន្ថែម​តាមរយៈ​បណ្ដាញ​សង្គម Twitter ថា ការបញ្ចេញរថយន្តក្រុង​សាធារណៈដឹក​ជញ្ជូនកម្មករ​និយោជិតនេះ គឺមិនរើសអើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែន​ជាការទិញដូរ​សន្លឹកឆ្នោតឡើយ។

សម្ដេចតេជោបានសរសេរដូច្នេះថា៖ ខ្ញុំបានចេញបទបញ្ជាសារជាសម្លេងឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង​សាធារណៈប្រមាណពី៣០០-៣៥០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករ​កម្មការិនីទៅបោះឆ្នោតជាតិ​ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅតាមបណ្តាខេត្ត។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា ការដឹកជញ្ជូននេះ មិនរើស​អើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតឡើយ។

សម្ដេចតេជោ បានបន្ថែមថា៖ យើងដឹកគ្រប់និន្នាការនយោបាយ ហើយខ្ញុំបានស្នើឲ្យរៀបចំចំនួនរថយន្តឲ្យបានច្បាស់ ថាខេត្តណាតម្រូវការប៉ុន្មាន។ សម្ដេច បានបញ្ជាក់ទៀតថា ការដឹកជញ្ជូននេះទៀតសោត គ្មានយកថ្លៃនោះទេ ដូច្នេះសាលារាជធានីភ្នំពេញ​ រៀបចំឲ្យមានអ្នកបើកបរឲ្យបានត្រឹមត្រូវ យកចិត្តទុកដាក់លើសុខុមាល​ភាពកម្មករកម្មការិនី។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យន្តការនេះ នឹងជួយកាត់បន្ថយដល់ការចំណាយរបស់កម្មករ-កម្មការិនី ដែលត្រូវធ្វើ​ដំណើរទៅបោះឆ្នោត៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner