អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ច្រានចោលការផ្សាយរបស់ក្រុមមួយ ដែលមិនតំណាងឱ្យអង្គការសហប្រជាជាតិនោះទេ
ភ្នំពេញ៖ ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ថ្មីៗនេះ វិទ្យុបរទេសមួយដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។ ក៏ប៉ុន្តែធាតុពិត ការថ្លែងទាំងនេះគឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” តែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យអង្គការសហប្រជាជាតិ នោះទេ។
ឯកឧត្តមបន្តថា ដោយការផ្សាយរបស់វិទ្យុបរទេសខាងលើមានចេតនាទុច្ចរិត និងបង្កឱ្យមានការភាន់ច្រឡំ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់ជូននូវការពិត ដូចតទៅ៖
ទី១ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” (WGAD) គឺជាបណ្តុំនៃបុគ្គលចំនួនប្រាំរូប ដែលមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិឡើយ ហើយដែលគ្រាន់តែបម្រើការ ក្នុងសមត្ថភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ បុគ្គលទាំងនោះទំនងពុំមានការយល់ដឹងជាក់ស្តែងអំពីអង្គហេតុ និងអង្គច្បាប់ចំពោះករណីទណ្ឌិតម្នាក់នោះ ទិដ្ឋភាពនយោបាយ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ សេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះក៏ពុំមានទម្ងន់អ្វីឡើយ រួមទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ។
២ ដោយពុំបានអនុវត្តតាមវិធីសាស្ត្រ និងក្រមសីលធម៌ការងារត្រឹមត្រូវ កម្ពុជាសូមច្រានចោលនូវសេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះ។ ប្រទេសជាច្រើនផ្សេងទៀតក៏ធ្លាប់បានសម្តែងនូវការខកចិត្ត និងបដិសេធសេចក្តីសន្និដ្ឋាន នាពេលកន្លងមក របស់ WGAD ផងដែរ»៕ ដោយ :សួង ពិសិដ្ឋ