សម្តេចតេជោ ហ៊ុន សែន : ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមនៅថ្ងសទី១៤ខែកក្កដាឆ្នាំ២០២៣នេះថា “ល្ងាចម្សិលមិញខ្ញុំបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រុលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។”
សម្តេចតេជោ បានបញ្ជាក់ថា “ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។”
ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើនដែលខ្ញុំមិនយល់ ដោយមិនចេះអានភាសារថៃ។

នៅទីនេះខ្ញុំសូមបញ្ជាក់ថា៖
១. ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។
២. ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។
៣. ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
៤. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដ៍ទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឱ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ៕ដោយ៖ពលជ័យ
