លោក ពូទីន ព្រមានថា សមាជិកភាពណាតូរបស់អ៊ុយក្រែន នឹងបង្កើនភាពតានតឹងជាសកល

មូស្គូ៖ មេដឹកនាំរុស្ស៊ីថ្លែងថា ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ប្រការនេះនឹងធ្វើឱ្យពិភពលោកកាន់តែងាយរងគ្រោះ បន្ទាប់ពីប្លុកយោធានេះ បានប្តេជ្ញាធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធជាមួយអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូក្នុងសប្តាហ៍នេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំប្រាកដណាស់ថា ការសម្រេចចិត្តនេះនឹងមិនបង្កើនសន្តិសុខរបស់អ៊ុយក្រែនខ្លួនឯងទេ ហើយជាទូទៅនឹងធ្វើឱ្យពិភពលោកកាន់តែងាយរងគ្រោះ ហើយនឹងនាំឱ្យមានភាពតានតឹងបន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ។

ការរារាំងអ៊ុយក្រែនពីការចូលជាសមាជិកអង្គការណាតូ គឺជាហេតុផលមួយដែលលោក ពូទីន បញ្ជាឱ្យចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ លោក ពូទីន បានសង្កត់ធ្ងន់ថា ការផ្តល់គ្រឿងសព្វាវុធថ្មីរបស់លោកខាងលិច នឹងធ្វើឱ្យស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង… កាន់តែតានតឹងឡើងសម្រាប់ភាគីអ៊ុយក្រែន ហើយក៏ជាការដុតបញ្ឆេះភ្លើងជម្លោះផងដែរ។

លោក ពូទីន បានប្រាប់ទៅកាន់អ្នកកាសែតខាងលើនេះ មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសលីទុយអានី ជាទីដែលសមាជិកណាតូបានសន្យាគាំទ្រដល់អ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់សម្រាប់សមាជិកភាពនោះទេ។ ទន្ទឹមគ្នា អ៊ុយក្រែនក៏បានស្នើសុំជំនួយសព្វាវុធទំនើបៗ និងមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀតផងដែរ ដើម្បីវាយបកបណ្តាញកងកម្លាំងរុស្ស៊ី៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner