យុទ្ធនាការឃោសនាថ្ងៃទី១៤ មានគណបក្ស១២ ធ្វើការដង្ហែរ និងឃោសនា (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគជប បានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃសុក្រនេះ មានភាពរលូនល្អ និងគ្មានអំពើហិង្សាឡើយ។ នេះជាថ្ងៃទី១៤ហើយ នៃយុទ្ធនាការឃោសនាបោះឆ្នោត។
គជប បានថ្លែងថា នៅថ្ងៃទី១៤ខែកក្កដានេះ មានគណបក្សនយោបាយចំនួន ១២ ដែលបានធ្វើសកម្មភាពឃោសនាក្នុងនោះមានគណបក្ស៥ បានហែក្បួន រួមមានគណបក្សហ្វ៊ុនស៊ិនប៉ិចហែនៅខេត្តកំពង់ធំ, កណ្តាល និងព្រៃវែង។ គណបក្សប្រជាជនកម្ពុជាបានហែរនៅខេត្តព្រះវិហារ, បន្ទាយមានជ័យ និងខេត្តព្រៃវែង។ គណបក្សខ្មែររួបរួមជាតិ បានហែនៅខេត្តកំពង់ចាម និងក្រចេះ។ គណបក្សយុវជនកម្ពុជា បានហែនៅខេត្តកំពត និងគណបក្សសញ្ជាតិកម្ពុជាហែនៅខេត្តកំពង់ឆ្នាំង។
គណបក្សនយោបាយ ចំនួន៧ផ្សេងទៀតរួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សធម្មាធិបតេយ្យ, គណបក្សសំបុកឃ្នុំសង្គមប្រជាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សបំណងពលរដ្ឋ និងគណបក្សកសិករ បានធ្វើការឃោសនាបោះឆ្នោត តាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក, ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌល បោះឆ្នោតដែលខ្លួនឈរឈ្មោះ។
ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងបញ្ចប់នៅថ្ងៃទី២១កក្កដា។