៦ខែអគ្គនាយកដ្ឋានពន្ធដាប្រមូលពន្ធអាករបាន២ពាន់៧២លានដុល្លារ (Video Inside)
កម្ពុជាប្រមូលពន្ធអាករគ្រប់ប្រភេទក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២៣នេះ សម្រេចបានជាង ៨ពាន់៣៩៣ ប៊ីលានរៀល ស្មើនឹងប្រមាណ២ពាន់៧២លានដុល្លារ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣ សម្រេចបាន៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានឱ្យដឹងនូវលទ្ធផលសម្រេចបាននេះ តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣កាលពី ថ្ងៃទី១៣ ខែកក្កដា។
លោក គង់ វិបុល បានបន្តថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៦ខែឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ នឹងអាចសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងចំនួនប្រមាណជាង ១ម៉ឺន៤ពាន់៤៦៥ ប៊ីលានរៀល ដែលស្មើនឹងប្រមាណជាង ៣ពាន់៥៧១លានដុល្លារអាមេរិក៕