គណៈកម្មាធិការកិច្ចការចម្រុះព្រំដែនទាត់ចោលការផ្សាយថា «វៀតណាមបង្ខិតបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា» (Video Inside)

គណៈកម្មាធិការកិច្ចការចម្រុះព្រំដែន បានទាត់ចោលការផ្សាយដែលចោទថា «វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា»។ សេចក្តីបដិសេធនេះ បានធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៣ ដែលនិយាយថាមាន «ការផ្សាយតាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល និងគណនីហ្វេសប៊ុសឈ្មោះទូរទស្សន៍ព្រះអាទិត្យកម្ពុជា» ជាមួយការបង្ហោះវីដេអូកាលពីថ្ងៃទី៩កក្កដាកន្លងមកនេះ។

សេចក្តីថ្លែងការណ៍ បានចាត់ទុកថាការផ្សាយនោះ «គឺមានចេតនាបង្កើតការប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋ ក្នុងអម្លុងពេលជិតបោះឆ្នោត»។

សេចក្តីថ្លែងការណ៍ដដែលបានចាត់ទុកការផ្សាយនោះ «ជាការបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់គ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា»។

ប្រតិកម្មរបស់គណៈកម្មាធិការចម្រុះព្រំដែននេះ គឺមួយថ្ងៃបន្ទាប់ពីក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក និងក្រុមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលបានរៀបចំជាបណ្តាញ បង្កើតសេណារីយ៉ូថ្មី ប្រើពាក្យសម្តីវាយប្រហារចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា «ការដោះដូររវាងដីខ្មែរនិងដីវៀតណាម បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅវៀតណាម»។

គណៈកម្មាធិការកិច្ចការចម្រុះព្រំដែនក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា «ក្នុងកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាប្រទេសជិតខាងផ្សេងទៀត» ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កិច្ចការងារព្រំដែនគឺ «បានធ្វើត្រឹមត្រូវម៉ត់ចត់ និងច្បាស់លាស់បំផុតដើម្បី រក្សាផ្ទៃក្រឡាដីកម្ពុជាទំហំ១៨១ពាន់០៣៥គីឡូម៉ែត្រក្រឡា»។

គណៈកម្មាធិការកិច្ចការចម្រុះព្រំដែន បានអំពាវនាវដល់អាជ្ញាធរសូមចូលរួមស្រាវជ្រាវទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូច ទាំងឡាយណាដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយទាំងនេះ។

ads banner