កម្ពុជានិងបារាំងរំលឹកអតីតកាល នៃកិច្ចសហប្រតិបត្តិការធ្វើសង្គ្រាមលោកលើកទី១ (Video Inside)
ស្តូបអនុស្សាវរីយ៍ឈ្មោះ «រូបពីរ» ដែលរំលឹកវិញ្ញាណក្ខ័ន្ធអតីតទាហានខ្មែរ និងទាហានបារាំង ដែលធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ បានដាក់សម្ពោធនៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៣នេះហើយ ក្រោមការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន។
ឯកអគ្គរដ្ឋទូតបានបារាំង លោក ហ្សាក ប៉ឺឡេត៍ Jacques Pellet បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះផងដែរ នៅស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្តូបអនុស្សាវរីយ៍ «រូបពីរ» នេះ ត្រូវបានបំផ្លាញចោលក្នុងអតីតសម័យរបបខ្មែរក្រហម ប៉ុល ពត។ ស្តូបអនុស្សាវរីយ៍ «រូបពីរ» ត្រូវបានកសាងលើកដំបូងក្នុងឆ្នាំ១៩២៥ ប៉ុន្តែស្តូប «រូបពីរ» នោះ ត្រូវបានបំផ្លាញចោលក្នុងអតីតសម័យរបបខ្មែរក្រហម ប៉ុល ពត។ ការសាងសង់ស្តូប «រូប២» សាឡើងវិញនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសជួបពិភាក្សា ទ្វេភាគីជាមួយនឹងប្រធានាធិបតីបារាំង លោក អេម៉ានូអែលម៉ាក្រុង កាលពីខែធ្នូឆ្នាំ២០២២ ក្នុងទីក្រុងប៉ារីស។ សម្តេចតេជោបានមានប្រសាសន៍ក្នុងពិធីសម្ពោធថ្ងៃទី១៤កក្កដា។
ក្នុងសង្គ្រាមលោកលើកទីមួយ, មានទាហានកម្ពុជាច្រើនរយនាក់បានស្ម័គ្រចិត្តចូលរួមសហការ ជាមួយបារាំងចូលរួមធ្វើសង្គ្រាមរវាងពីឆ្នាំ១៩១៤ ដល់១៩១៨ ប្រឆាំងទាហានអាល្លឺម៉ង់ជំនាន់នោះ។ ទាហានខ្មែរយ៉ាងហោចចំនួន១៥១នាក់ បានស្លាប់ក្នុងការប្រយុទ្ធនាអតីតកាលនោះ។ សម្តេចតេជោបានរំលឹកនូវប្រវត្តិទាំងនេះ ប្រាប់ពលរដ្ឋដែលបានចូលរួម។
កិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជានិងបារាំងនេះហើយ ទើបមានការកសាងស្តូបអនុស្សាវរីយ៍រួម ដែលនៅពីលើកំពូលស្តូបនោះ គឺជារូបនៃទាហានខ្មែរ និងបារាំងស្ពាយកាំភ្លើង និងប្រកៀកស្មា និងប្រយុទ្ធរួមគ្នាក្នុងសង្គ្រាមលោកលើកទី១។
សង្គ្រាមលោកលើកទី១ ដែលមានជាង ៣០ប្រទេសបានចូលរួម ក្រោយមកបានបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១៩១៨ ក្រោយការច្បាំងគ្នាអស់រយៈពេលជាង៤ឆ្នាំ ដែលមានមនុស្សស្លាប់ជាច្រើនលាននាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកការសម្ពោធនូវស្តូបអនុស្សាវរីយ៍នេះ គឺជាការរំលឹកដល់យុវជនខ្មែរជំនាន់ក្រោយ ត្រូវរួមគ្នាថែរក្សាសន្តិភាព ដែលកម្ពុជាកំពុងតែមានក្នុងដៃនាពេលនេះ មិនត្រូវឱ្យធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមក្បត់ជាតិដែលចង់នាំប្រទេសធ្លាក់ចូល ក្នុងសង្គ្រាម និងចលាចលសាជាថ្មីវិញនោះឡើយ។