២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨០០ករណី (Video Inside)
មានប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន ដែលមានអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះក៏ពុំមានរកឃើញអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នោះផងដែរ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៥៥ករណី ដែលជាតួលេខឆ្លងកើនឡើងមកវិញចំនួន ៤៦៣ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤នៅអាស៊ាន រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសប្រុយណេ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៧៨៤ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៨ករណី។ ប្រទេសចំនួន៦ គឺប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, កម្ពុជា, ឥណ្ឌូនេស៊ី, ថៃ, និងប្រទេសហ្វីលីពីន គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសទាំង១០អាស៊ាន ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ពុំមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៨ម៉ឺន ៥ពាន់ ៣៩៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៤៨៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩១លានករណី, និងការស្លាប់មានជាង ៦លាន ៨៩ម៉ឺននាក់៕