ប៉ាណាម៉ារឹបអូសគ្រឿងញៀនបាន ២.៣តោនក្នុងរយៈពេល ៤៨ម៉ោង
ប៉ាណាម៉ា៖ អាជ្ញាធរបានរាយការណ៍ថា កងកម្លាំងសន្តិសុខប៉ាណាម៉ាបានបង្ហាញគ្រឿងញៀនខុសច្បាប់ចំនួន ២.៣តោន ដែលត្រូវបានរឹបអូសក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ។
មេបញ្ជាការកងនាវាចរប៉ាណាម៉ា លោក ល្វីស រ៉ូទ្រីហ្គេស បាននិយាយថា គ្រឿងញៀនខុសច្បាប់សរុបចំនួន ២.៣តោន ត្រូវបានរឹបអូសក្នុងប្រតិបត្តិការចំនួន ៣ ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ។ លោក រ៉ូទ្រីហ្គេស បន្តថា គិតមកទល់ពេលនេះ ជនសង្ស័យប្រមាណ ១០៨នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នាត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។
លោកបន្ថែមថា ក្នុងចំណោមជនសង្ស័យខាងលើនេះ រួមមានជនជាតិកូឡុំប៊ី ៤៧នាក់, ប៉ាណាម៉ា ៤៥នាក់, នីការ៉ាហ្គា ១០នាក់, កូស្តារីកា ៥នាក់ និង ហ្គាតេម៉ាឡាម្នាក់។
មេបញ្ជាការកងនាវាចរប៉ាណាម៉ារូបនេះ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំងអស់នោះ បច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំខ្លួនរបស់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗនៃការជួញដូរគ្រឿងញៀន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



