ចិនជំរុញឱ្យសហរដ្ឋអាមេរិកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ
ហ្សាការតា៖ ប្រមុខការទូតកំពូលចិនជំរុញឱ្យសហរដ្ឋអាមេរិកធ្វើការជាមួយចិន ដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យល្អប្រសើរឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិន។
កំលុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ ប្រមុខការទូតកំពូលចិន លោក វ៉ាង យី បានថ្លែងថា សហរដ្ឋអាមេរិកចាំបាច់ត្រូវប្រកាន់យកនូវវិធីសាស្រ្តត្រឹមត្រូវ និងជាក់ស្តែង ដើម្បីធ្វើការជាមួយប្រទេសចិនក្នុងទិសដៅតែមួយ។ បើតាមក្រសួងការបរទេសចិន លោក វ៉ាង បានជំរុញឱ្យសហរដ្ឋអាមេរិកជៀសវាងការចូលជ្រៀតជ្រែកដោយចេតនា ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយរូបលោកបានគូសបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់ចិនចំពោះបញ្ហាកោះតៃវ៉ាន់។
បន្ថែមលើនេះ លោក វ៉ាង ក៏បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគាបសង្កត់ប្រទេសចិន ក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយដកទណ្ឌកម្មខុសច្បាប់ និងគ្មានការប្រឆាំងទៅលើប្រទេសចិន។ ទោះបីជាយ៉ាងណា កិច្ចពិភាក្សារវាងប្រមុខការទូតកំពូលទាំងពីរមិនអាចដោះស្រាយបញ្ហាអ្វីមួយបាននោះទេ ប៉ុន្តែវាជាការពិភាក្សាគ្នាដោយស្មោះត្រង់ ជាក់ស្តែង និងការស្ថាបនា ដោយភាគីទាំងពីរក៏បានយល់ព្រមរក្សាទំនាក់ទំនងផងដែរ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកបានកើនឡើងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះរួមមានបញ្ហាពាណិជ្ជកម្ម, ការគាំទ្រផ្នែកយោធារបស់អាមេរិកដល់កោះតៃវ៉ាន់ និងការបង្កើនឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ព្រមទាំងទំនាក់ទំនងរវាងចិន និងរុស្ស៊ី ដែលកំពុងធ្វើឱ្យចំណងមិត្តភាពរវាងចិន និងសហរដ្ឋអាមេរិកធ្លាក់ដុនដាបទៅដល់កម្រិតដ៏ពិបាកមួយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



