លោក ប្លីងគែន៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងរួមគ្នាប្រឆាំងការគំរាមកំហែងរបស់កូរ៉េខាងជើង
ហ្សាការតា៖ ប្រមុខការទូតអាមេរិកថ្លែងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការការពារសម្ព័ន្ធមិត្ត ក្នុងករណីមានការឈ្លានពានណាមួយពីសំណាក់ប្រទេសកូរ៉េខាងជើង។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានសន្យាថា ប្រទេសរបស់គាត់នឹងការពារសម្ព័ន្ធមិត្ត ពីការគំរាមកំហែងណាមួយរបស់កូរ៉េខាងជើង។ បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏បានចូលរួមជាមួយជប៉ុន និងកូរ៉េខាងត្បូង អំពាវនាវឱ្យដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចុងក្រោយនេះផងដែរ។
លោក ប្លីងគែន បានជួបរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជប៉ុន នៅខាងក្រៅកិច្ចប្រជុំអាស៊ាន ក្នុងទីក្រុងហ្សាកាតា ដោយប្រមុខការទូតទាំងបីបានថ្កោលទោសចំពោះអ្វីដែលលោក ប្លីងគែន ហៅថា ជា “ការបង្កហេតុ” របស់កូរ៉េខាងជើង។
បើតាមសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងបីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការបង្កើតប្រាក់ចំណូលខុសច្បាប់របស់កូរ៉េខាងជើង តាមរយៈការប្រើប្រាស់កម្លាំងកម្មករនៅក្រៅប្រទេស និងសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត ដែលផ្តល់មូលនិធិដល់កម្មវិធីអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។
ការបញ្ចេញប្រតិកម្មរបស់ប្រទេសសម្ព័ន្ធមិត្តទាំងបី បានកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃពុធសប្តាហ៍នេះ បានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរឹង មានឈ្មោះថា Hwasong-18៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា