អ្នកលក់ដើមផ្កា កូនឈើលម្អ តាមលំនៅដ្ឋាន នៅតាមផ្លូវជាតិលេខ១ កាន់តែកាក់កប និង កាន់តែទាន់សម័យ

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរបរលក់ដើមផ្កា កូនឈើហូបផ្លែ និងកូនឈើលម្អគេហដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ១ ពិសេស នៅក្នុងភូមិសាស្រ្តចាប់ពី សង្កាត់ វាលស្បូវ រហូត ទៅដល់សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទទួលបានការគាំទ្រ និងមានការពង្រីកទីតាំង លក់ដូរ កាន់តែច្រើនឡើងបន្តបន្ទាប់ ។

ជាមួយអាជីវកម្មដែលកាលពីមុនធ្លាប់តែលក់ កំប៉ិក កំប៉ុក និង មានត្រឹមតែ ២ ទៅ ៣ កន្លែង ហើយបច្ចុប្បន្នបានក្លាយជាទីតាំងលក់យ៉ាងទំនើប និងការលក់លក្ខណៈអាជីវកម្មទ្រង់ទ្រាយធំ កាន់តែច្រើនរីកដូចផ្សិតនេះស្របពេលដែលសំណង់ផ្ទះល្វែងកំពុងរីកដុះដាលកាន់តែច្រើនឡើងៗនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាម បណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ។

អ្នកស្រី ឈួន សុផល ម្ចាស់ហាងលក់ដើមផ្កា និងកូនឈើឈ្មោះ “ចំរើនផល” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ក្នុងភូមិជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញបានឱ្យដឹងថា៖ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកស្រីតែងលក់ដើមឈើ សម្រាប់ដាំតាំងលម្អតាមគេហដ្ឋាន ក៏ដូចជាលម្អតាមសួនច្បារសាធារណៈនានា ពីព្រោះថាវាកំពុងមានតម្រូវការកាន់តែច្រើនឡើង។

ស្រ្តីអ្នកលក់កូនឈើរូបនេះបានបញ្ជាក់ប្រាប់ដែរថា”ដំបូងឡើយខ្ញុំលក់កូនឈើតែបន្តិចបន្តួចទេ ប៉ុន្តែបច្ចុប្បន្នដោយសារតែតម្រូវការអតិថិជនមានខ្ពស់ ធ្វើឱ្យខ្ញុំបានពង្រីកមុខរបរកាន់តែធំដោយក្នុងនេះមានលក់ កូនឈើហូបផ្លែ ដូចជា ដើមមានដើមជម្ពូ បំពេញរាជ្យ ស្វាយ ដូងក្រអូប ដូងតឿ និងដើមឈើហូបផ្លែផ្សេងៗទៀតជាច្រើនមុខ និងក្រៅពីនេះក៏មានលក់ដើមឈើ ព្រៃភ្នំកម្រ ដូចជាដើមគគីរ បេង ធ្នុង កកោះ ផ្ចឹក សុក្រំនិងក្រញូងជាដើម”។

លោក អ៊ុក ភូម៉ារ៉ា ដែលជាស្វាមីបានបញ្ជាក់ប្រាប់ឱ្យដឹងដែរថា លោក និិង ភរិយា បានចាប់ផ្តើមលក់កូនឈើតាំងលម្អ គេហដ្ឋាននេះជាង១០ឆ្នាំមកហើយ ។ មកដល់ពេលបច្ចុប្បន្នដោយសារតែសេដ្ឋកិច្ចរីកចម្រើន ពលរដ្ឋមានផ្ទះប្រណិតៗពួកគាត់ត្រូវការភាពស៊ីវិល័យកាន់តែច្រើន ម្ល៉ោះហើយលោកអាចពង្រីកអាជីវកម្មកាន់តែធំដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។ដើមឈើទាំងអស់នេះ អតិថិជនក្រៅពីទិញសម្រាប់លម្អគេហដ្ឋានហើយពួកគាត់ នៅត្រូវការម្លប់ ត្រូវការបរិស្ថានស្អាតល្អ និងពិសេសបានផ្លែឈើហូបផ្លែថែមទៀត ។

លោក ឈួន ចាន់សុភក្តិ អ្នកលក់ដើមផ្កា កូនឈើហូបផ្លែ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅនេះដែរបានឱ្យដឹងថាទីតាំង កន្លែងលោកច្រើនលក់កូនផ្កា កូនឈើដែលពលរដ្ឋទាំងតាមបណ្តាខេត្ត និងក្នុុងរាជធានីភ្នំពេញទិញសម្រាប់យកទៅដាំតាមគេហដ្ឋាន និងចំការ។ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដោយសារតែទីផ្សារល្អទើបធ្វើឱ្យពលរដ្ឋជាច្រើនបាននាំគ្នាងាក មកចាប់អារម្មណ៍បង្កើតអាជីវកម្មលក់ដើមផ្កា ដើមឈើលម្អផ្ទះកាន់តែច្រើនឡើង។ជាមួយគ្នាអាជីវកម្មក៏កាន់តែធំ និងកាន់តែស៊ីវិល័យទៅតាមតម្រូវការរបស់អតិថិជន ។

ដោយឡែក លោក នា ធឿន ដែលជាអតិថិជនមួយបានមកទិញដើមផ្កា និង កូនឈើ លម្អគេហដ្ឋាននៅលើកំណាត់ផ្លូវលេខ១នេះ បានឱ្យដឹងថាក្នុងយុគសម័យថ្មីក្រោមការដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ប្រទេសជាតិរីកចម្រើន ពិសេសលំនៅដ្ឋានកាន់តែប្រណិតភាពធ្វើឱ្យពលរដ្ឋបានចាប់អារម្មណ៍ក្នុងការលម្អផ្ទះសម្បែងកាន់តែច្រើន។ពលរដ្ឋម្នាក់ៗត្រូវការភាពស្រស់ស្អាត បរិស្ថានស្អាត និងស៊ីវិល័យ។ដូចរូបលោកមកទិញកូនផ្កា និងកូនឈើទាំងនេះក៏ដើម្បីបន្ថែមភាពស្រស់បំព្រងតាមលំដៅដ្ឋានដូចពលរដ្ឋដទៃទៀតផងដែរ។

គួរបញ្ជាក់ថាបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថាគិតត្រឹមដំណាច់ឆ្នាំ២០២២កន្លងមកគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ នៅក្នុងប្រទេសកម្ពុជា បានកើនដល់ ២ ៥៣៤កន្លែង ខណៈដែលគម្រោងបុរីនានាមានចំនួន ៥១០បុរីផងដែរ៕

អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner