ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងព្រមានពីការទប់ទល់ដោយអាវុធនុយក្លេអ៊ែរដ៏មានអនុភាពប្រឆាំងនឹងសត្រូវ

សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រនេះ បានព្រមានទប់ទល់ដោយអាវុធនុយក្លេអ៊ែរដ៏មានអនុភាព បើសិនសហរដ្ឋអាមេរិកមិនបោះបង់ចោលគោលនយោបាយអរិភាពប្រឆាំងនឹងកូរ៉េខាងជើងនោះទេ។

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូជុង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅតែមិនព្រមបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនទេ ដូច្នេះកូរ៉េខាងជើងនឹងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍបន្ថែមទៀត ដើម្បីទប់ទល់ដោយអាវុធនុយក្លេអ៊ែរដ៏មានអនុភាព។

អ្នកនាង គីម បន្តថា ការធ្វើតេស្តមីស៊ីលចុងក្រោយនេះ គឺជាសមយុទ្ធរបស់កូរ៉េខាងជើង ដើម្បីការពារខ្លួនឯង… ការពារឧបទ្វីបកូរ៉េ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ពីគ្រោះមហន្តរាយនៃសង្គ្រាមនុយក្លេអ៊ែរ។ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រូបនេះបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងមិនគួរទទួលបាននូវការស្តីបន្ទោស ចំពេលមានគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកនោះទេ ដោយអ្នកនាងបានហៅសេចក្តីថ្លែងការណ៍ថ្កោលទោសទីក្រុងព្យុងយ៉ាងថា ជារឿង “អយុត្តិធម៌ និងរើសអើង”។

ទោះបីជាយ៉ាងណា ឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាត់វិធានការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយប្តេជ្ញាថា កូរ៉េខាងជើងនឹងប្រឈមមុខនូវការឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ បើសិនជាទីក្រុងព្យុងយ៉ាងហ៊ានប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner