មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅទីក្រុងបាងកកនាថ្ងៃទី១៦ ខែកក្កដា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសុភាចារ្យ សុក ស៊ីផាន់ណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅទីក្រុងបាងកក។
តបតាមការអញ្ជើញរបស់ឯកឧត្តម សាឡើមស កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងនាមជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសាន (Dr. Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ឯកឧត្ដមបណ្ឌិតសុភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំនឹងពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានក្នុងវិស័យអាទិភាពនៃផែនការសកម្មភាព ឆ្នាំ២០១៩-២០២២ និងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ។ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សា ព្រមទាំងអនុម័តលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ ជាមួយនឹងឯកសារភ្ជាប់បន្ថែមចំនួនពីរ គឺ ឯកសារទស្សនាទានស្តីពីយន្តការប្រទេសដឹកនាំវិស័យនីមួយៗនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គ និងស្តីពីក្រុមប្រឹក្សាធុរកិច្ចមេគង្គ-គង្គា៕