អ្នកនាំពាក្យ គ.ជ.ប ៖ ការអំពាវនាវប្រឆាំងនឹងការបោះឆ្នោតដោយជនមួយក្ដាប់តូច​ក្រៅប្រទេសមិនមានឥទ្ធិពលអ្វី​ទាល់តែសោះ​ដល់ការ​បោះ​​ឆ្នោតនៅកម្ពុជា

ភ្នំពេញ៖អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការអំពាវនាវរបស់មនុស្សមួយចំនួន​តូចនៅ​ក្រៅ​ប្រទេសប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា គឺគ្រាន់តែជាការសម្តែងមួយដែល​មិនមានឥទ្ធិពលអ្វីទាល់តែសោះដល់​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេសកម្ពុជា ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការបោះឆ្នោតឡើយ។

ឯកឧត្តម ហង្ស ពុទ្ធា គ.ជ.ប បានបញ្ជាក់ប្រាប់ AMS ថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅតាមច្បាប់ និងតាមដែលអ្វីព្រះមហាក្សត្រ​ទទួលស្គាល់ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយការ​ប្រកាស​បែបណាក៏ដោយនៅក្រៅប្រទេសគ្រាន់តែជាការសម្តែងមួយដែលមិនមានឥទ្ធិពលអ្វីទាល់តែសោះដល់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា “ការសម្តែងមតិនៅខាងក្រៅនេះ មិនធ្វើឱ្យប៉ះពាល់ដល់គុណភាព នៃការបោះឆ្នោតនោះឡើយ ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលមានអ្នកខ្លះសម្តែងការមិនទទួលយក ប៉ុន្តែការបោះឆ្នោត និងការអភិវឌ្ឍជាតិ នៅតែមាន​ជាបន្តបន្ទាប់ ហើយកាន់តែមានភាពរុងរឿងជាងមុនទៅទៀត”៕
ដោយ៖ពលជ័យ

ads banner