កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយដែលគោរពធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យដៃគូអាស៊ានពង្រីកការគាំទ្រលើវិស័យអាទិភាពទាំងបួន ដែលកំណត់ក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈគម្រោង និងកម្មវិធីជាក់ស្តែង ដែលប្រកបដោយគុណភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការពង្រឹងនូវប្រសិទ្ធភាពនៃយន្តការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីធានាថា យន្តការនេះផ្តល់នូវថាមពលថ្មី និងបំពេញបន្ថែមដល់យន្តការដែលដឹកនាំដោយអាស៊ានដទៃទៀត និងដោយបញ្ចៀសនូវការត្រួតគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ាត្រូវការពង្រឹងបន្ថែមទៀត ដើម្បីឱ្យក្លាយទៅជាយន្តការដែលផ្ដោតចំលើបញ្ហា និងតម្រង់ទិសលើដំណោះស្រាយ។
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ដែលសម្រេចបាន ក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពី គំនិតផ្តួចផ្តើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២) និងបានអនុម័តផែនការសកម្មភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០២៤-២០២៨)។ ផែនការសកម្មភាពថ្មីនេះត្រូវបានកែសម្រួលទម្រង់ ដោយផ្តោតចំពោះការអនុវត្តនូវសេចក្តីថ្លែងការណ៍ និងសេចក្តីប្រកាសនានារបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងគោលដៅបង្កើនសារៈសំខាន់ សង្គតិភាព និងប្រសិទ្ធភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាវេទិការបស់ថ្នាក់ដឹកនាំ សម្រាប់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ច ក្នុងតំបន់៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ





