រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងប្រកបដោយស្ថិរភាព និងសុឆន្ទៈ ដោយប្រទេសមហាអំណាចធំៗ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលភាព
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយស្ថិរភាព និងសុឆន្ទៈ ដោយប្រទេសមហាអំណាចធំៗ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលភាព ហើយកង្វះចំណុចទាំងអស់នេះនឹងធ្វើឱ្យការជំរុញរបៀបវារៈសាកលពិតជាមានការលំបាកយ៉ាងខ្លាំង ឬមិនអាចធ្វើបាន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យអាស៊ាន និងសហរដ្ឋអាមេរិក ពន្លឿនការអនុវត្តផែនការការងារ នៃកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក និងគំនិតផ្តួចផ្តើមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ កិច្ចប្រជុំបានរំលឹកឡើងវិញអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងបានអនុម័តឧបសម្ព័ន្ធនៃផែនការសកម្មភាពអាស៊ាន-សហរដ្ឋអាមេរិក (២០២១-២០២៥)។
កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពនៃទំនាក់ទំនងថ្មីរបស់អាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យសុខភាពសាធារណៈ ការដឹកជញ្ជូន សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី ថាមពល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំក៏បានឯកភាពជាគោលការណ៍លើសំណើបង្កើតមជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ





