ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដីនៅកូរ៉េខាងត្បូង សម្លាប់មនុស្ស ២៦នាក់
សេអ៊ូល៖ ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសកូរ៉េខាងត្បូង បានបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដី បណ្តាលអោយមនុស្សយ៉ាងហោចណាស់ ២៦នាក់បាត់បង់ជីវិត។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបានរាយការណ៍ថា មនុស្ស ២៦នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដែលភាគច្រើននៃជនរងគ្រោះទាំងនោះ បានកប់នៅក្រោមបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។ ក្រសួងបន្តថា បុគ្គលិកជួយសង្គ្រោះនៅតែតស៊ូ ដើម្បីរុករកទៅដល់រថយន្តប្រហែល ១៥គ្រឿង ដែលជាប់នៅក្នុងរូងក្រោមដីមានប្រវែង ៤៣០ម៉ែត្រនៅទីក្រុងឆឹងជូ ខេត្តឆុងឆឹង ខាងជើង។
ផ្លូវរូងក្រោមដីនេះត្រូវបានទឹកជន់លិចកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីទឹកជំនន់បានហូរចូលលឿនពេក ដែលធ្វើឱ្យមនុស្សនៅខាងក្នុងមិនអាចរត់គេចខ្លួនបាន។ ទន្ទឹមគ្នា ភ្លៀងធ្លាក់កាន់តែច្រើនត្រូវបានគេព្យាករណ៍នឹងកើតមានរហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ ហើយរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង ក៏បានព្រមានអំពីលក្ខខណ្ឌអាកាសធាតុបង្កគ្រោះថ្នាក់ “ធ្ងន់ធ្ងរ”ផងដែរ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងតែងតែទទួលរងគ្រោះទឹកជំនន់ ក្នុងអំឡុងពេលរដូវមូសុងរដូវក្តៅ ប៉ុន្តែជាធម្មតាប្រទេសនេះបានរៀបចំយ៉ាងល្អ ហើយចំនួនអ្នកស្លាប់ជាធម្មតាមានកម្រិតទាប។ កូរ៉េខាងត្បូងបានស៊ូទ្រាំនឹងជំនន់ទឹកភ្លៀង និងគ្រោះទឹកជំនន់ដែលបំបែកកំណត់ត្រាកាលពីឆ្នាំមុន ដែលបានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់។ រដ្ឋាភិបាលបាននិយាយនៅពេលនោះថា ទឹកជំនន់ឆ្នាំ ២០២២ គឺជាភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីកំណត់ត្រាអាកាសធាតុ បានចាប់ផ្តើមកាលពី ១១៥ឆ្នាំមុន ដោយបានស្តីបន្ទោសមកពីការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





