លោក ពូទីន និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង ពិភាក្សាពីគំនិតផ្តួចផ្តើមសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន និងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ
មូស្គូ៖ មេដឹកនាំរុស្ស៊ីបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអាហ្វ្រិកខាងត្បូង នៅថ្ងៃសៅរ៍នេះ ហើយរបៀបវារៈសំខាន់នៃកិច្ចពិភាក្សានោះ ផ្តោតលើគំនិតផ្តួចផ្តើមសន្តិភាពអាហ្រ្វិកសម្រាប់សង្គ្រាមនៅអ៊ុយក្រែន និងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។
វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា បានព្រមព្រៀងគ្នាក្នុងការពិភាក្សាបន្ថែមទៀត អំពីគំនិតផ្តួចផ្តើមសន្តិភាពអាហ្វ្រិកសម្រាប់សង្គ្រាមនៅអ៊ុយក្រែន រួមទាំងកិច្ចប្រជុំកំពូលរុស្ស៊ី និងអាហ្វ្រិកដែលគ្រោងធ្វើឡើងនៅចុងខែកក្កដាខាងមុខនេះ។
កាលពីពាក់កណ្តាលខែមិថុនា គណៈប្រតិភូមកពីអាហ្វ្រិកខាងត្បូង សេណេហ្គាល់ អេហ្ស៊ីប ហ្សំប៊ី អ៊ូហ្គង់ដា កុងហ្គោ និងកូម៉ូរ៉ូ រួមទាំងប្រមុខរដ្ឋមួយចំនួនទៀត បានបង្ហាញផែនទីបង្ហាញផ្លូវចំនួន ១០ចំណុចរបស់ពួកគេ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ហើយនៅពេលនោះ វិមានក្រឹមឡាំងបាននិយាយថា ផែនការនេះមានគំនិតដែលអាចអនុវត្តបាន។
ដោយឡែកសម្រាប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិវិញ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មានកាលពីដើមសប្តាហ៍នេះថា ប្រទេសរុស្ស៊ីអាចនឹងផ្អាកការចូលរួមរបស់ខ្លួន ក្នុងកិច្ចព្រមព្រៀងនេះ រហូតដល់ការនាំចេញកសិផលរបស់រុស្ស៊ីមិនត្រូវបានរារាំង៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា