កូរ៉េខាងត្បូងសន្យាបង្កើនជំនួយរហូតដល់ ១៥០លានដុល្លារដល់អ៊ុយក្រែនក្នុងឆ្នាំ ២០២៣នេះ
កៀវ៖ អំឡុងដំណើរទស្សនកិច្ចនៅទីក្រុងកៀវ មេដឹកនាំកូរ៉េខាងត្បូងបានសន្យាបង្កើនការផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន ក្នុងនោះមានទាំងការផ្គត់ផ្គង់សម្ភារយោធា និងជំនួយមនុស្សធម៌។

បន្ទាប់ពីជំនួបជាមួយមេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានថ្លែងថា ប្រទេសរបស់លោកនឹងបង្កើនការផ្តល់ជំនួយកាន់តែធំជាងឆ្នាំមុន ក្រៅពីការផ្តល់ជាសម្ភារចាំបាច់មួយចំនួន មានដូចជាមួកសុវត្ថិភាព និងអាវក្រោះការពារគ្រាប់កាំភ្លើង។

លោក យូន បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងមានគម្រោងផ្តល់ជំនួយមនុស្សធម៌ចំនួន ១៥០លានដុល្លារដល់អ៊ុយក្រែននៅឆ្នាំ ២០២៣នេះ បន្ទាប់ពីបានផ្តល់ប្រហែល ១០០លានដុល្លារក្នុងឆ្នាំ ២០២២។ កូរ៉េខាងត្បូងជាប្រទេសនាំចេញអាវុធធំជាងគេទី ៩ របស់ពិភពលោក ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន។

កន្លងមក កូរ៉េខាងត្បូងធ្លាប់បាននិយាយថា ទីក្រុងសេអ៊ូលអាចនឹងពិចារណាឡើងវិញនូវគោលនយោបាយរបស់ខ្លួន ក្នុងការមិនផ្តល់ជំនួយសព្វាវុធដល់អ៊ុយក្រែន ដោយលោក យូន បានបញ្ជាក់នៅដើមឆ្នាំនេះថា ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើជនស៊ីវិល អាចជួយជំរុញដល់ការសម្រេចចិត្តចំពោះរឿងនេះ។

យ៉ាងណាមិញ អ្នកជំនាញបានព្រមានថា កូរ៉េខាងត្បូងស្ថិតក្នុងស្ថានភាពលំបាកមួយ ដោយសារតែទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ១៥ របស់ខ្លួន គិតត្រឹមឆ្នាំ ២០២២ ក៏ដូចជាឥទ្ធិពលរបស់រុស្ស៊ីលើកូរ៉េខាងជើងផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា