កាសែត New York Times៖ អ៊ុយក្រែនបាត់បង់សព្វាវុធអស់ ២០ភាគរយ ត្រឹមពេលពីរសប្តាហ៍
កៀវ៖ កាសែត New York Times បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យោធាអ៊ុយក្រែនបានបាត់បង់អស់ ២០ភាគរយ នៃគ្រឿងសព្វាវុធដែលខ្លួនបានបញ្ជូនទៅកាន់សមរភូមិ ក្នុងអំឡុងពេលបើកការវាយប្រហារតបតរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ក្នុងរយៈពេលពីរសប្តាហ៍ដំបូង។

ចាប់ផ្តើមកាលពីដើមខែមិថុនា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារជាបន្តបន្ទាប់នៅតាមបណ្តោយទីតាំងសមរភូមិជួរមុខ ចាប់ពីតំបន់ខើសុន ទៅដល់តំបន់ដូណេត។ យោងតាមតួលេខចុងក្រោយរបស់ក្រសួងការពារជាតិរុស្សី បានឱ្យដឹងថា ដោយឆ្លងកាត់វាលមីន និងដោយគ្មានជំនួយពីកងទ័ពអាកាស យោធាអ៊ុយក្រែនបានបាត់បង់កងទ័ព ២៦,០០០នាក់ និងជាង ៣,០០០បំណែក នៃសម្ភារៈយោធា។

ការខាតបង់របស់អ៊ុយក្រែនខាងលើនេះ គឺជាចំនួនដ៏ខ្ពស់បំផុតមួយរបស់ខ្លួន ក្នុងអំឡុងពេលពីរសប្តាហ៍ដំបូងនៃប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នេះបើតាមកាសែត New York Times ដកស្រង់សម្តីមន្ត្រីអាមេរិក និងអឺរ៉ុបដែលមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំងនេះបាននិយាយថា ២០ភាគរយនៃរថក្រោះ និងរថពាសដែករបស់អ៊ុយក្រែនត្រូវបានបំផ្លាញនៅក្នុងរយៈពេលនេះ រួមទាំងរថយន្តដែលផ្តល់ដោយលោកខាងលិចជាច្រើនផ្សេងទៀត។

កងពលតូចមេកានិចទី ៤៧ របស់អ៊ុយក្រែន ដែលជាអង្គភាពបណ្តុះបណ្តាលដោយអង្គការណាតូ បានបាត់បង់ ៣០ភាគរយនៃរថក្រោះ Bradley Infantry Fighting ចំនួន ៩៩គ្រឿងក្នុងរយៈពេលពីរសប្តាហ៍ ខណៈដែលកងពលតូចមេកានិចទី ៣៣ បានបាត់បង់ជិតមួយភាគបីនៃរថក្រោះខ្លារខិន Leopard ដែលផលិតដោយអាល្លឺម៉ង់ចំនួន ៣២គ្រឿងក្នុងរយៈពេលត្រឹមមួយសប្តាហ៍។

កាសែត New York Times បានបន្ថែមថា បន្ទាប់ពីពីរសប្តាហ៍ដំបូង មេបញ្ជាការអ៊ុយក្រែនបានសម្រេចចិត្តផ្អាកការវាយលុក ហើយការខាតបង់ជាបន្តបន្ទាប់បានធ្លាក់ចុះមកត្រឹម ១០ភាគរយ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ការផ្អាកនៅសប្តាហ៍នេះ ប៉ុន្តែបានស្តីបន្ទោសប្រទេសលោកខាងលិចចំពោះការខកខានក្នុងការផ្គត់ផ្គង់អាវុធ និងឧបករណ៍គ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការប្រកបដោយជោគជ័យ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
