ភ្លើងឆេះព្រៃនៅកាណាដាដុតបំផ្លាញផ្ទៃដីអស់ជាង ១០លានហិកតាក្នុងឆ្នាំ ២០២៣នេះ
អូតាវ៉ា៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា បានដុតបំផ្លាញផ្ទៃដីអស់ជាង ១០លានហិកតានៅក្នុងឆ្នាំ ២០២៣ ដែលនេះជាតួលេខបំបែកកំណត់ត្រា លើសពីការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្ត។

យោងតាមតួលេខជាតិរបស់មជ្ឈមណ្ឌលភ្លើងឆេះព្រៃអន្តរទ្វីបកាណាដា ដែលហៅកាត់ថា (CIFFC) បានឱ្យដឹងថា កម្រិតខ្ពស់បំផុតកាលពីមុន បានកើតឡើងក្នុងឆ្នាំ ១៩៨៩ នៅពេលដែលផ្ទៃដីប្រមាណ ៧.៣លានហិកតាត្រូវបានភ្លើងដុតបំផ្លាញពេញមួយឆ្នាំ។

តំបន់ដែលភ្លើងឆេះក្នុងឆ្នាំ ២០២៣នេះវិញ មានរយៈពេលត្រឹមតែ ៦ខែកន្លះប៉ុណ្ណោះ គឺមានបរិមាណប្រហែលស្មើនឹងទំហំប្រទេសព័រទុយហ្គាល់ ឬអ៊ីស្លង់។ បើតាមទិន្នន័យរបស់រដ្ឋាភិបាល ភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា បានដុតបំផ្លាញផ្ទៃដីអស់ជាង ១០លានហិកតានៅក្នុងឆ្នាំ ២០២៣ ដែលនេះជាតួលេខបំបែកកំណត់ត្រា លើសពីការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្ត។

ភ្លើងឆេះព្រៃភាគច្រើនបានកើតឡើងនៅឆ្ងាយពីតំបន់មានមនុស្សរស់នៅ ប៉ុន្តែវានៅតែមានផលវិបាកធ្ងន់ធ្ងរដល់បរិស្ថាន។ សរុបមក ភ្លើងឆេះព្រៃចំនួន ៤.០៨៨កន្លែង បានកើតមានឡើងចាប់តាំងពីខែមករាកន្លងមក រួមទាំងភ្លើងជាច្រើនដែលបានឆេះសន្ធោសន្ធៅលើផ្ទៃដីរាប់សែនហិកតា។ ទន្ទឹមគ្នា មនុស្សប្រមាណជាង ១៥០,០០០នាក់ត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

