តុលាការឃុំខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន២នាក់ ដែលទទួលបញ្ជាពីជនក្បត់ជាតិ៣ជំនាន់ ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល
ភ្នំពេញ៖ លោក សេង សុជាតិ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងលោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិក ក្រុមការងារគណបក្សភ្លើងទៀនករណីញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល។
ជនសង្ស័យទាំង២នាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេលបន្តបន្ទាប់ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ លោក ប៊ុន ខេត សារភាពថា ខ្លួនទទួលបញ្ជាពី សម រង្ស៊ី ឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គូសសន្លឹកឆ្នោតខ្វែងចោល។ លោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញបានសារភាពថា ខ្លួនបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមបោះឆ្នោតសម្រាប់ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឲ្យគូសសន្លឹកឆ្នោតខ្វែងចោលដែលផ្ទុយពីឆន្ទះប្រជាពលរដ្ឋ។
បើតាមមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ការឃាត់ខ្លួននេះ ទាក់ទងការបង្ហោះសារសម្លេងផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត។ ការនាំខ្លួន មនុស្សទាំង ២រូបនេះ ដោយមានការអ នុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
ចំណែកឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសសាសន៍ប្រាប់ថា “ការចាប់ខ្លួននេះ យើងមានភស្តុតាង មានឯកសារគ្រប់គ្រាន់ ហើយយើងបានសុំទៅព្រះរាជអាជ្ញាដើម្បីសុំដីកាឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ”។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានសូមឲ្យប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់អ្នកនៅខាងក្រៅ។
ដោយឡែក គ.ជ.ប បានឱ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្ស ភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។
មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖
ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុងចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។ ផ្ទុយទៅវិញ គជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើទុច្ចរិតរបស់ជនអគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។
គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ពលជ័យ