លោកភីតា ថានឹងបើកផ្លូវឱ្យគណបក្សភឿថៃ ក្នុងករណីខ្លួនបរាជ័យការបោះឆ្នោតសភាទៀត
ថៃ៖ មេដឹកនាំគណបក្ស Move Forward Party (MFP) លោក ភីតា លឹមចារឿនរ៉ាត់ ទទួលស្គាល់ថា ប្រទេសថៃមិនអាចរង់ចាំយូរជាងនេះទៀតទេសម្រាប់រដ្ឋាភិបាលថ្មី ដោយលោកថ្លែងថា ភឿថៃគួរតែត្រូវបានផ្តល់ឱកាសឱ្យក្នុងករណីដែលលោកមិនជោគជ័យក្នុងការបោះឆ្នោតសភា២លើកទៀតឬមិនអាចបញ្ចុះបញ្ចូល សមាជិកសភា និងព្រឹទ្ធសភា បន្ថែមទៀតបោះឆ្នោតឱ្យលោក។
នៅក្នុងសម័យប្រជុំដ៏ពិសេស នៃសភាទាំងពីរអង្គ របស់ថៃ បានចាប់ផ្តើមនៅម៉ោង ៩ :៣០កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ក្រោមការដឹកនាំដោយលោក វ៉ាន់ មូហាម៉ាត់ ណ័ម៉ាថា នៅក្នុងឋានៈជាប្រធានសភា បានជជែកដេញដោលអស់រយៈពេលប្រាំមួយម៉ោង ក្រោមវត្តមានសមាជិកសភាចំនួន៤៦០ រូប និង ព្រឹទ្ធសភា ២១៦ រូប ។ សរុប ៦៤៦ រូប។
លទ្ធផលបឋមបានបង្ហាញថា លោក ភីតា លីមចារើនរ៉ាត់ មិនទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីទី៣០ របស់ថៃ។ លោក ភីតា ត្រូវការសំឡេងគាំទ្រសរុបចំនួន ៣៧៦សំឡេង ។ប៉ុន្តែផ្ទុយទៅវិញលោកទទួលបានការគាំទ្រត្រឹមតែចំនួន ៣២៤សំឡេងប៉ុណ្ណោះ ក្រៅពីនោះ ១៨២ សំឡេងប្រឆាំង និង១៩៩ អនុប្បវាទ។
បើទោះជាយ៉ាងណា ឱកាសរបស់លោក ភីតា លីមចារើនរ៉ាត់ នៅតែមានសម្រាប់ការបោះឆ្នោតជុំទី២ និង ទី៣ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៩ និងទី២០ ខែកក្កដាខាងមុខនេះ។ តែការណ៍នេះ ក៏បង្ហាញឱ្យឃើញថា ប្រទេសថៃ កំពុងតែឈានជើងចូលក្នុងវិបត្តិនយោបាយយូរខែ ព្រោះមិនអាចជ្រើសរើសនាយករដ្ឋមន្ត្រី បង្កើតរដ្ឋាភិបាលថ្មីបានដោយងាយនោះទេ។
កំលុងពេលនេះ អ្នកវិភាគមួយចំនួនក៏បានបង្ហាញក្តីព្រួយបារម្ភ ខ្លាចថា ក្រុមយោធាអាចនឹងយកបញ្ហាជាប់គាំង គ្មាននាយករដ្ឋមន្ត្រី គ្មានរដ្ឋាភិបាល ជាលេសចូលអន្តរាគមន៍ គ្រប់គ្រងប្រទេសឡើងវិញផងដែរ។
តាមរយៈវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គម ធ្វីតធ័រ កាលពីថ្ងៃសៅរិ៍នេះ លោក ភីតា បាននិយាយថា ៖ «ប្រសិនបើដឹងច្បាស់ថាគណបក្សចលនាឆ្ពោះទៅមុខមិនអាចដឹកនាំការបង្កើតរដ្ឋាភិបាលបានទេនោះ ខ្ញុំនឹងបើកចំហឱ្យគណបក្សឈរលេខរៀងទី២ គឺគណបក្សភឿថៃដើម្បីដឹកនាំ»។
លោកបន្តថាសមាជិកទាំងអស់នៃគណបក្សចលនាឆ្ពោះទៅមុខបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។
ប្រសិនបើ ក្នុងករណីដូច លោក ភីតា លីមចារើនរ៉ាត់ បានលើកឡើងមែណ នោះគណបក្សភឿថៃ ដែលបច្ចុប្បន្នស្ថិតនៅក្នុងគម្រោងរដ្ឋាភិបាលចម្រុះរបស់លោក អាចនឹងស្នើបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ឬអាចជាកូនស្រីលោកថាក់ស៊ីន គឺ លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ។
តាមការវិភាគបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ភឿថៃ មានទំនោរទន់ជាងលោក ភីតា ឬគ្មានគោលនយោបាយរឹងត្អឹងទាក់ទិននឹងការធ្វើកំណែទម្រង់មួយចំនួនដែលប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ Pita: Ready to give way to Pheu Thai if necessary