មេដឹកនាំកូរ៉េខាងត្បូងសន្យាផ្ដល់ជំនួយ ១៥០ លានដុល្លារទៅអ៊ុយក្រែន បន្ទាប់ពីជួបពិភាក្សាជាមួយលោក ហ្សេលេនស្គី
កៀវ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល សន្សាផ្ដល់ជំនួយ ១៥០ លានដុល្លារទៅអ៊ុយក្រែនក្នុងទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសនេះដែលជាការបង្ហាញការគាំទ្រចំពោះក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ការិយាល័យរបស់លោក យូន បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា លោកបានធ្វើដំណើរទៅអ៊ុយក្រែនជាមួយភរិយា គឺលោកស្រី Kim Keon-hee បន្ទាប់ពីកិច្ចប្រជុំកំពូលអង្គការណាតូនៅប្រទេសលីទុយអានី។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោកចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសនៅចុងខែកុម្ភៈឆ្នាំមុនមក។
ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី លោកប្រធានាធិបតី យូន បានសន្យាដើម្បី «ពង្រីកទំហំ» នៃជំនួយយោធាធុនស្រាលដល់អ៊ុយក្រែនដោយបន្ថែមថា កូរ៉េខាងត្បូងនឹងបង្កើនជំនួយមនុស្សធម៌ដល់ ១៥០ លានដុល្លារក្នុងឆ្នាំ ២០២៣ ពី ១០០ លានដុល្លារកាលពីឆ្នាំមុន។
លោក យូន ក៏បាននិយាយផងដែរថា លោក និងលោក ហ្សេលេនស្គី បានយល់ព្រមលើកិច្ចសហប្រតិបត្តិការលើកិច្ចខិតខំប្រឹងប្រែងកសាងអ៊ុយក្រែនឡើងវិញពេលសង្រ្គាមបញ្ចប់។ លើសពីនេះ ប្រទេសកូរ៉េខាងត្បូង ក៏នឹងចាប់ផ្តើមមូលនិធិអាហារូបករណ៍ ដាក់ឈ្មោះតាមលោក យូន និងលោក ហ្សេលេនស្គី ដើម្បីពង្រីកការគាំទ្រដល់និស្សិតអ៊ុយក្រែននៅប្រទេសកូរ៉េខាងត្បូងផងដែរ។
ចំណែកឯលោក ហ្សេលេនស្គី វិញ បានថ្លែងអំណរគុណដល់កូរ៉េខាងត្បូង សម្រាប់ «ការគាំទ្រយ៉ាងម៉ឹងម៉ាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន» និងជំនួយផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ដ៏សំខាន់ ចាប់តាំងពីការឈ្លានពានចាប់ផ្ដើមមក។
លោក ហ្សេលេនស្គី បាននិយាយថា ៖ «ថ្ងៃនេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមកកាន់អ៊ុយក្រែន ជាប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់យើង យើងបាននិយាយពីអ្វីគ្រប់យ៉ាងដែលមានសារៈសំខាន់សម្រាប់មនុស្ស ក្នុងការឆ្ពោះទៅរកការរស់នៅដែលធម្មតា និងប្រកបដោយសុវត្ថិភាព»។
គួរបញ្ជាក់ថា នាពេលកន្លងមក កូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានប្រឈមមុខនឹងសម្ពាធឱ្យផ្តល់ជំនួយសព្វាវុធអាវុធដល់អ៊ុយក្រែន ខណៈរដ្ឋបាលលោក យូន ប្រកាន់ជំហរលើការផ្ដល់ជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុ ដោយប្រយ័ត្នប្រយែងពីឥទ្ធិពលរបស់រុស្ស៊ីទៅលើរដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង។
ថ្មីៗនេះ លោក យូន បាននិយាយថា រដ្ឋបាលរបស់លោកកំពុងរៀបចំបញ្ជូនឧបករណ៍ និងរថយន្តសង្គ្រោះសម្រាប់ការដោះមីន តាមសំណើរបស់អ៊ុយក្រែន ហើយនឹងចូលរួមជាមួយស្ថាប័នផ្ដល់មូលនិធិសម្រាប់អ៊ុយក្រែន របស់អង្គការណាតូ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ South Korea’s Yoon promises $150m aid after Zelenskyy talks https://www.aljazeera.com/news/2023/7/15/south-koreas-president-yoon-in-ukraine-to-meet-zelenskyy