សហគ្រិនស្ត្រីឆ្នើម បង្កើតអាជីវកម្មប្រចាំតំបន់ និងជួយដល់សហគមន៍

បាត់ដំបង៖ អ្នកស្រី នុន ចាន់នី បានបង្កើតយីហោ ចេកឆាបស្រុកសំឡូតដែលមានឈ្មោះថា «រាជនី បាណាណា សំឡូត (Reacheny Banana Samlout)» ប្រចាំខេត្តបាត់ដំបង។ ការបង្កើតអាជីវកម្មមួយនេះ ដោយសារតែអ្នកស្រីមើលឃើញពីសក្តានុពលនៃទិន្នផលចេកក្នុងតំបន់។ អាជីវកម្មមួយនេះក៏កំពុងទទួលបានបាននូវការគាំទ្រពីមហាជនផងដែរ។

អ្នកស្រី​បានឱ្យដឹងថាដំបូងឡើយគឺចាប់ផ្ដើមពីការតេស្តដោយយកចេកសល់ច្រើនពេលនៅក្នុងសហគមន៍ ក៏យកមកសាកធ្វើចេកឆាបបរិភោគ ហើយបានសាកលក់លើទីផ្សារ ក៏មានអតិថិជនគាំទ្រជាបន្តបន្ទាប់ ទើបអ្នកស្រីពង្រីកអាជីវកម្មមកដល់សព្វថ្ងៃ។ ​

ក្នុងការចាប់ផ្ដើមក៏ដូចជាការធ្វើឱ្យអាជីវកម្មមួយមានដំណើរទៅមុខបាន ម្ចាស់អាជីវកម្មររូបនេះ​រៀបរាប់ពីចំណុចសំខាន់ដែលគួរគិតគូរនោះគឺ ក្រៅពីការគ្រប់គ្រងគុណភាពផ​លិតផលយើងត្រូវធ្វើទៅតាមច្បាប់ទម្លាប់អាជីវកម្ម រៀបចំផែនការទាំងការផលិត ហិរញ្ញវត្ថុ និងការគ្រប់គ្រ​ងបុគ្គលិក។

អ្នកស្រី នុន ចាន់នី បបន្តថា  វាមានការលំបាកច្រើននៅក្នុងការធ្វើ តែជាទឹកចិត្តមួយដែលយើងមិនមែនធ្វើការងារនេះតែម្នាក់ឯងនោះទេ ។យើងមានសង្គម និងអ្នកនៅជុំវិញខ្លួនច្រើនដែលចាំជួយយើង ។សំខាន់យើងជាស្ត្រីខ្លួនឯងយើងរឹងមាំប៉ុនណា ហើយមានឆន្ទៈប៉ុនណាដើម្បីធ្វើវាទៅមុខបាន។ យើងជឿជាក់លើខ្លួនឯងឬទេ? ព្រោះថាទោះបីមានគេគាំទ្រប៉ុនណាក៏ដោយ ក៏ត្រូវតែមានភាពជឿជាក់លើខ្លួនឯងដែរ ហើយស្ត្រីគ្រប់រូបគួរមានភាពជឿជាក់នេះឱ្យកាន់តែច្រើន។ ​

ថែមលើនេះ ការគ្រប់គ្រងហិរញ្ញវត្ថុក៏ជាផ្នែកមួយសំខាន់ក្នុងដំណើរការអាជីវកម្ម ដូចដែលអ្នកស្រីបានចែ​ករំលែកថា ៖ «ដំបូងឡើយ ខ្ញុំប្រើប្រព័ន្ធ Quickbook ដើម្បីកត់ត្រា តែនៅពេលខ្ញុំរៀបចំកន្លែងថ្មីនេះរួច យើ​ងប្រើប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនបញ្ជី មុននឹងសម្រេចចិត្តពង្រីកអាជីវកម្មនេះយើងបានសរសេរផែ​នការអាជីវកម្ម សម្រាប់រយពេលប្រាំឆ្នាំរួចរាល់»។ ​

ចំណែកដើមទុន កម្ចីពិតជាសំខាន់ ដោយសារនៅក្នុងប្រតិបត្តិការអាជីវកម្មមួយ ប្រសិនបើសហគ្រិនចាំពេលមានទុនគ្រប់គ្រាន់ដោយខ្លួនឯងទើបពង្រីកទៅតាមចំណូលរបស់គាត់ គឺពុំអាចសម្រេចបានតាមផែនការរបស់គាត់នោះទេ។ យ៉ាងណាក៏ត្រូវតែរកទុនបន្ថែមពីខាងក្រៅដើម្បីឈានដល់ចំណុចណាមួយដែលគាត់បានគ្រោងទុក។ នេះជាអ្វីដែលម្ចាស់អាជីវកម្ម​ចេកឆាបបានលើកឡើង។ ​

មួយវិញទៀត ការវេចខ្ចប់ផលិតផលឱ្យត្រូវតាមអតិថិជនគោលដៅក៏ជាចំណុចទាក់ទាញអតិថិជនផងដែរ ដូចជា ចេកឆាបសំឡូតត្រូវបានវេចខ្ចប់ជាបីប្រភេទផ្សេងៗគ្នាតាមតម្រូវការអតិថិជន។

ទីមួយ.ជាកញ្ចប់តូចៗតម្លៃត្រឹម ៥០០រៀលសម្រាប់ក្មេងៗ, ទី២ គឺកញ្ចប់រាងធំមានទម្ងន់ចាប់ពី ៣៥០ក្រាមឡើងទៅសម្រាប់អ្នកធ្វើដំណើរអាចទិញជាកាដូ និងចុងក្រោយគឺកញ្ចប់ក្រដាសសម្រាប់ដាក់លក់នៅតាមហាងកាហ្វេ និងតាមម៉ាត។

បច្ចុប្បន្ន «សិប្បកម្មរាជនី បាណាណា សំឡូត» អាចផលិតចេកឆាបបានចន្លោះពី ១-២តោនក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅទូទាំងប្រទេស ដែលក្នុងមួយខែ ត្រូវការចេកណាំវ៉ាស្រស់ប្រមាណ ២ ៥០០ស្និត  ថែមទាំងបានផ្ដល់ការងារដល់ស្ត្រីចំនួន ១២នាក់ផ្សេងទៀតផងដែរ។ ​

សូម​បញ្ជាក់ដែរថា អ្នកស្រី​ នុន ចាន់នី ​បានចាប់ផ្ដើមអាជីវកម្មនេះនៅចុងឆ្នាំ២០១៧ ដោយបានប្រើដើមទុនប្រមាណ ១ ០០០ដុល្លារ ទៅលើការទិញឧបករណ៍ និងសម្ភារៈសម្រាប់ចម្អិន រួមជាមួយនឹងវត្ថុធាតុដើ​ម និងគ្រឿងទេសមួយចំនួន។​

ជាចុងក្រោយ អ្នកស្រីក៏សូមផ្ញើផលិតផលដែលផលិតដោយស្ត្រីជនបទទៅក្នុងបេះដូងរបស់អ្នកទាំងអស់គ្នា។នៅពេលដែលអ្នកញ៉ាំចេកឆាបរាជនីអ្នកក៏មានចំណែកមួយយ៉ាងសំខាន់នៅក្នុងការងា​រជួយសង្គមផងដែរ៕ដោយ៖នី ស្រីពៅ

ads banner