ឯកឧត្តម សាយ សំអាល់ ៖ ប្រជាជនកម្ពុជា មានភាពចាស់ទុំក្នុងការជឿជាក់កាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ប្រជាជនកម្ពុជា មានភាពចាស់ទុំក្នុងការជឿជាក់កាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ។ នេះជាប្រសាសន៍ លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិការគណបក្សខេត្ត នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងារចុះជួយឃុំ ស្រុក ខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាទទួលបាននូវការគាំពារសង្គម ដែលនេះធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដល់ក្នុងក្រុមគ្រួសាររបស់ពួកគាត់ ។ សង្គមកម្ពុជាកំពុងទទួលបាននូវ សញ្ញាណវិជ្ជមានចំពោះភាពរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះខេត្តព្រះសីហនុ បានប្រែក្លាយមុខមាត់បានយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅតាមក្នុងមូលដ្ឋាន មានផ្លូវថ្នល់ ផ្លូវល្បឿនលឿន សំណង់អាគារខ្ពស់ កំពង់ផែទឹកជ្រៅ ជាដើម សាកសមជាខេត្តពហុបំណង ហើយប្រជាពលរដ្ឋបាននឹងកំពុងទទួលយកនូវសុខសន្តិភាព ស្ថេរភាព ការប្រកបរបរទទួលទានបានយ៉ាងងាយស្រួល មានជីវភាពកាន់តែល្អប្រសើរ ។

ឯកឧត្តមប្រធានក្រុមការងារ បានសង្កត់ធ្ងន់ថា សូមនាំគ្នាលុបបំបាត់នូវភាពជ្រុលនិយមចេញពីកម្ពុជាឱ្យអស់ ព្រោះភាពជ្រុលនិយមជាដើមចមក្នុងការបង្អាក់ដំណើរការអភិវឌ្ឍរីកចម្រើន និងនាំឱ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចកាលពីអតីតកាល ដូច្នេះសូមរួមរួមសាគ្គីគ្នាបន្ថែមទៀត ដើម្បីដំណើរឆ្ពោះទៅមុខរបស់មាតុភូមិកម្ពុជា ។
ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះជួយមូលដ្ឋានខេត្ត ស្រុក ក្រុង ឃុំនិងសមាជិក-សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងមូលដ្ឋានខេត្តព្រះសីហនុ ក្នុងការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយរបស់គណបក្ស និងការចុះមូលដ្ឋានជាមួយប្រជាពលរដ្ឋដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក ដោះស្រាយជូនពួកគាត់ ប្រកបដោយភាពរស់រវើក រឹងមាំ និងការទទួលខុសត្រូវខ្ពស់បំផុត ។

ជាមួយគ្នានេះ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ សូមឲ្យអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា ៖ នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣២៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន ៖ គណបក្សខ្មែរតែមួយ , គណបក្សសញ្ជាតិកម្ពុជា , គណបក្សកម្លាំងប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ,គណបក្សស្រ្តីដើម្បីស្រ្តី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច , គណបក្សធម្មាធិបតេយ្យ , គណបក្សឯកភាពជាតិខ្មែរ , គណបក្សយុវជនកម្ពុជា , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner