កិច្ចព្រមព្រៀងគ្រាប់ធញ្ញអ៊ុយក្រែនផុតសុពលភាព ក្រោយរុស្ស៊ីមិនព្រមបន្ត
មូស្គូ៖ កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពទៅកាន់ទីផ្សារពិភពលោក តាមរយៈសមុទ្រខ្មៅ បានផុតកំណត់ហើយ កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីរុស្ស៊ីបានបដិសេធការពន្យារពេល។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិបានបញ្ចប់ហើយ ប៉ុន្តែនៅពេលដែលផ្នែកនៃកិច្ចព្រមព្រៀងនេះទាក់ទងនឹងរុស្ស៊ីត្រូវបានបំពេញ នោះភាគីរុស្ស៊ីនឹងវិលទៅរកការអនុវត្តកិច្ចព្រមព្រៀងវិញភ្លាមៗ។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ បើទោះបីជារុស្ស៊ីចាកចេញពីកិច្ចព្រមព្រៀងក៏ដោយ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងមិនភ័យនោះទេ… ក្រុមហ៊ុនជាម្ចាស់នាវាបានទាក់ទងមកពួកយើង… ពួកគេនិយាយថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ។
ការផ្អាកនេះគឺជាទីបញ្ចប់នៃកិច្ចព្រមព្រៀងដែលអង្គការសហប្រជាជាតិ និងតួកគីបានជួយសម្របសម្រួលកាលពីរដូវក្តៅមុន ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនស្បៀងអាហារពីសមុទ្រខ្មៅ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួន បានធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ។ គំនិតផ្តួចផ្តើមនេះត្រូវបានចាត់ទុកថា ជួយកាត់បន្ថយការកើនឡើងតម្លៃស្រូវសាលី ប្រេងបន្លែ និងទំនិញម្ហូបអាហារសកលផ្សេងទៀត។ អ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ធំជាងគេលើពិភពលោក ក្នុងនោះមានស្រូវសាលី ស្រូវបាឡេ ប្រេងផ្កាឈូករ័ត្ន និងអាហារផ្សេងទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា