បណ្ដាគណបក្សសម្ព័ន្ធមិត្ត ​បានបញ្ជាក់សារ​ជាថ្មី​ពី​គោលជំហរ​គាំទ្រលោក ភិថា ឱ្យធ្វើជានាយក​រដ្ឋមន្ត្រី

ថៃៈ សម្ព័ន្ធភាពរបស់គណបក្សនយោបាយទាំងប្រាំបី ដែលកំពុងរួបរួមគ្នាដើម្បីប​ង្កើតរដ្ឋាភិបាលដឹកនាំសម្រាប់អាណត្តិបន្ទាប់នៅប្រទេសថៃ កាលពីថ្ងៃទី១៧ ខែកក្កដា​ បានបញ្ជាក់នូវគោលជំហររបស់ពួកគេសារជាថ្មី ថាពួកគេនៅតែបន្តគាំទ្រលោក ភិថា លិមចារើនរ៉ាត់ (Pita Limjaroenrat) ឱ្យក្លាយជានាយករដ្ឋមន្ត្រី បើទោះជាលោកបានបរាជ័យម្ដងរួចម​កហើយកាលពីសប្តាហ៍មុន នៅក្នុងការបោះឆ្នោតសភាក៏ដោយ។​

លោក ភិថា ជាមេដឹកនាំគណបក្សឈានទៅមុខ (Move Forward​ Party) ដែលបានឈ្នះឆ្នោតកាលពីខែឧសភា​ក​ន្ល​ងទៅ ប៉ុន្តែលោកបានបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រជាង ៥០% នៃអាសនៈសរុបទាំងអស់រួមមានសភាជាន់ទា​ប និងសភាជាន់ខ្ពស់ ឬព្រឹទ្ធសភាដែលតែងតាំងដោយយោធា។​

គួរដឹងដែរថា សភាថៃនឹងរៀបចំការបោះឆ្នោតសារជាថ្មីម្ដងទៀតនៅថ្ងៃពុធ ខាងមុខនេះ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយគណបក្សដែលជា​សម្ព័ន្ធភាព លោក ភិថា បាន​និយាយ​ថា លោក​មាន​ទំនុក​ចិត្ត​យ៉ាងខ្លាំងថា ព្រឹទ្ធសភា​មិន​អាច​រារាំងការចូលទៅកាន់មុខដំណែងជានាយក​រដ្ឋមន្ត្រីរបស់លោកបាននោះ​ទេ។​

យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រសិនបើលោកមិនអាចទទួលបានសំឡេងគាំទ្របន្ថែមទៀតពីព្រឹទ្ធសភាក្នុងការបោះឆ្នោតសភាលើកទីពីរនេះទេ លោកនឹងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តដែលជាគណបក្សភឿថៃ ចេញធ្វើសកម្មភាពទៅតាមផែនការរបស់ពួកគេវិញម្ដង។ កាល​ពី​ចុង​សប្តាហ៍កន្លងទៅ លោកក៏ធ្លាប់​បាន​លើក​ឡើងថា ​គណបក្សដែលជាសម្ព័ន្ធមិត្ត​នយោបាយ​ អាចដឹកនាំ​រដ្ឋាភិបាល​ថ្មី ប្រសិន​បើ​លោក​បរាជ័យ​ក្នុង​ការ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី។​

គួរបញ្ជាក់ថា គណបក្សភឿថៃជាគណបក្សដែលបានឈ្នះសំឡេងឆ្នោតច្រើនជាងគេលំដាប់ទីពីរ បន្ទាប់ពីគណបក្សឈានទៅមុខ កាលពីការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា។ ក្រឡេកទៅមើលសមាជិកព្រឹទ្ធសភាវិញ មានតែ ១៣ នាក់ប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រលោក ភិថា កាលពីសប្តាហ៍មុន ដោយមួយចំនួនបានបោះឆ្នោតប្រឆាំងនឹងរូបលោក ហើយអ្នកខ្លះទៀតបានបោះអនុប្បវាទ។ យ៉ាងណាមិញ គណបក្សរបស់លោកបានលើកឡើងថា សមាជិកសភាខ្លះបានសម្រេចចិត្តបោះឆ្នោតប្រឆាំងដោយសារស្ថិតក្រោមការគំរាមកំហែង។​

លោក​ ភិថា មានវ័យ ៤២ ឆ្នាំ ជាអ្នកសេរីនិយម ហើយលោកក៏ជាអ្នកដែលពូកែខាងរកស៊ីនៅក្នុងវិស័យឯកជនផងដែរ។ លោកបានទទួលការគាំទ្រពីយុវជនយ៉ាងច្រើន ជាពិសេសគាំទ្រគោលនយោបាយកំណែទម្រង់សង្គម នយោបាយ វិស័យឯកជន និងស្ថាប័នសំខាន់ៗដែលគេសង្កតឃើញថាជាស្ថាប័នដែលគ្មាននរណាអាចប៉ះពាល់បាន។​

ក្នុងនោះរួមមាន ការកែប្រែច្បាប់ដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យប្រមាថខ្សែរាជវង្ស ដែលគិតរហូតមកដល់ពេលនេះ វាគឺជាគោលនយោបាយដែលកំពុងជួបបញ្ហាចម្រូងចម្រាសបំផុតរបស់គណបក្សឈានទៅមុខ និងជាឧបសគ្គដ៏ធំមួយក្នុងការបញ្ចុះបញ្ចូលសមាជិកសភាឱ្យបោះឆ្នោតគាំទ្រលោក ភិថា៕ដោះ ៖ធា សុណា​

ប្រភពព័ត៌មាន៖ Channel NewsAsia Thai alliance reaffirms backing for Pita’s PM bid

ads banner