ទីក្រុង​បាងកក ដាក់​ដំណើរការ​ ម៉ូតូ​​សង្គ្រោះបន្ទាន់​ ដំបូងបង្អស់របស់ខ្លួនចំនួន ៥០គ្រឿង

អត្ថបទដោយ៖
CPA

ថៃ៖ រដ្ឋបាលក្រុងបាងកក (BMA) បានដាក់ឱ្យ​ដំណើរការនូវម៉ូតូ​​សង្គ្រោះបន្ទាន់ ដំបូងរបស់ខ្លួនដោយមានម៉ូតូសរុបចំនួន ៥០គ្រឿង ដើម្បីផ្តល់សេវាសង្គ្រោះជីវិតបន្ទាន់នៅក្នុងសង្កាត់ទាំង ៥០ ក្នុងទីក្រុង​បាងកក នៃព្រះ​រាជាណាចក្រថៃ។

ម៉ូតូ​​សង្គ្រោះបន្ទាន់ទាំង ៥០ គ្រឿងមានបំពាក់ទៅដោយឧបករណ៍សង្គ្រោះជីវិត។ ចំណែកអ្នកបើកបរគឺសុទ្ធតែជាបុគ្គលដែលបានទទួលការបណ្តុះបណ្តាលពិសេសពីមន្ទីរពេទ្យមុនពេលត្រូវបានដាក់ពង្រាយតាមគោលដៅនានាក្នុងទីក្រុង។

ការសង្គ្រោះដោយម៉ូតូ គឺអាចបញ្ចៀសនូវ​ការកកស្ទះ លើដងផ្លូវដ៏មមាញឹក និងអាចបម្រើដល់ទីតាំង ផ្លូវតូច​ៗដែលរថយន្តសង្គ្រោះកង់បួនពិបាកទៅដល់ ឬត្រូវចំណាយពេលយូរ។

ម៉ូតូ​​សង្គ្រោះបន្ទាន់ ចំនួន ៥០គ្រឿងដំបូងនេះ ត្រូវបានសម្ពោធជាផ្លូវការនៅឯពិព័រណ៍ BMA ឆ្នាំ២០២៣ របស់ថៃកាលពីថ្ងៃទី១៥ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រោមវត្តមានអភិបាលក្រុងបាងកក លោកចាតចា ស៊ីតទីភូន(Chadchart Sittipunt)។

អភិបាលក្រុងបាងកក បាននិយាយថា ៖ «ម៉ូតូគឺជាមធ្យោបាយដែលមានល្បឿនលឿនក្នុងការផ្តល់ជំនួយដើ​ម្បីសង្គ្រោះជីវិតដ៏មានសក្តានុពលដល់ជនរងគ្រោះនៅក្នុងទីក្រុង។ នៅពេលដែលមានអាសន្នកើតឡើងក្រុម ម៉ូតូ​​សង្គ្រោះបន្ទាន់ នឹងអាចទៅដល់កន្លែងកើតហេតុ ឬទៅដល់ទីតាំងអ្នកជំងឺក្នុងរយៈពេល ៨នាទី និ​ងអាចជួយសង្គ្រោះជីវិតពួកគេបាន»។

លោក Chadchart បានបន្ត​ថា ក្រុងបាងកកក៏​​មាន​គម្រោងបន្ថែម​ ម៉ូតូ​​សង្គ្រោះបន្ទាន់ ​ឱ្យដល់ ២០០ ទៅ ៣០០ គ្រឿង។ លោកថា ការកកស្ទះចរាចរណ៍ និងផ្លូវតូចចង្អៀត គឺជាផលវិបាកសម្រាប់រថយន្តសង្គ្រោះបន្ទាន់ ដើម្បីទៅដល់អ្នកជំងឺធ្ងន់ធ្ងរទាន់ពេលវេលា ដូច្នេះហើយ គម្រោង ម៉ូតូ​​សង្គ្រោះបន្ទាន់ ត្រូវបានដាក់ឱ្យ​ដំណើរការក្រោម «ឧត្តមភាពទាំងប្រាំបួន» របស់ក្រុងបាងកក ដើម្បីលើកកម្ពស់គុណភាពជីវិត។

ម៉ូតូ​​សង្គ្រោះបន្ទាន់ ៥០ គ្រឿង​ដំបូងនេះ ​ត្រូវ​បានដាក់ពង្រាយទៅកាន់​មន្ទីរពេទ្យនានាក្នុងទីក្រុង​បាងកក ដោយមានការបែងចែងជា ៧តំបន់។

គម្រោងដ៏ថ្មីសន្លាងនេះ ត្រូវបានគាំទ្រដោយបណ្តាញក្រុមម៉ូតូស្ម័គ្រចិត្តមួយនៅប្រទេសថៃគឺ Motorlance Thailand ដែលជាក្រុមជម្រុញឱ្យការប្រើប្រាស់ម៉ូតូសម្រាប់ការសង្គ្រោះបន្ទាន់ កើតឡើង។

​យោងតាមសារព័ត៌មានក្នុងស្រុករបស់ថៃបានឱ្យដឹងថា ក្រុមអ្នកបើកបរ ម៉ូតូ​-​សង្គ្រោះបន្ទាន់ ត្រូវបានបំពាក់​ដោយឧបករណ៍មួយដែលអនុញ្ញាត្តឱ្យពួកគេ វិនិច្ឆ័យរោគបឋមបាន។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេថែមទាំងអាចបញ្ជូនព័ត៌មានត្រឡប់ទៅមជ្ឈមណ្ឌលគាំទ្រវេជ្ជសាស្ត្រទីក្រុង (UMSC) នៃវិទ្យាស្ថានជាតិតាមរយៈកាមេរ៉ា ដើម្បីរៀបចំថ្នាំសម្រាប់ការសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ UMSC ក៏អាចផ្តល់ការណែនាំត្រលប់មកវិញអំពីការសង្គ្រោះអាយុជីវិត និងកំណត់ថាតើអ្នកជំងឺគួរតែទទួលបានចំនួនពីរថយន្តសង្គ្រោះប្រភេទណាក្រោយការសង្គ្រោះបឋម៕​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Two-wheeled angels: Bangkok launches first fleet of motorbike-ambulances

ads banner