មានករណី​​ផ្ទុះហ្គាសនៅហាងសាច់អាំងមួយ​កន្លែងនៅប្រទេសចិន​​

ប៉េកាំង៖ ក្រុមមន្ត្រីបានប្រាប់ឱ្យ​ដឹងថា ករណីផ្ទុះធុងហ្គាសនៅភោជនីយដ្ឋានមួយកន្លែងក្នុងខេត្ត Jiangsu ភាគខា​ងកើតប្រទេសចិនបានសម្លាប់មនុស្សម្នាក់និងរងរបួសម្នាក់ផ្សេងទៀតកាលពីថ្ងៃ​ទី១៧ ខែកក្កដា ។

​វីដេអូឃ្លីបមួយបាន​បង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញ​ឱ្យ​ឃើញពីស្ថានភាពហាងមួយចំនួនដែលត្រូ​វបានបំផ្លាញនៅក្នុងអគារពាណិជ្ជកម្ម ខណៈដែលមនុស្សម្នាក់ត្រូវបានក្រុមអ្នកជួយសង្គ្រោះជម្លៀសចេ​ញពីកន្លែងកើតហេតុ ហើយ​កម្ទេចកម្ទី និងដើមឈើដែលរងការខូចខាតបានរាយប៉ាយពេញផ្លូវ។​ ម្ចាស់ភោជ​​នីយដ្ឋានត្រូវបានប៉ូលិសឃាត់ខ្លួន និងដំណើរការស៊ើបអង្កេត។ ​

គួររំឭកដែរថា កាលពីខែមិថុនា ករណីផ្ទុះហ្គាសនៅភោជនីយដ្ឋានមួយបានសម្លាប់មនុស្ស ៣១ នាក់នៅតំ​បន់ Ningxia ភាគពាយ័ព្យ ដែលជាការបំផ្ទុះដ៏រន្ធត់បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានជំរុញឱ្យ​ប្រ​ធានាធិបតីចិន លោក ស៊ី ជីនភីង(Xi Jinping) ចាត់វិធានការឱ្យមន្ត្រីដោះស្រាយបញ្ហាហានិភ័យសុវត្ថិភាពនៅទូទាំងប្រទេសផងដែរ​។​

ក្រៅពីនេះ​ ក៏មានការ​ផ្ទុះ​នៅភោជនីយដ្ឋាន​ពីរ​ផ្សេង​ទៀត​បាន​កើត​ឡើង​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង រួម​មាន​មួយ​នៅ​ខេត្ត Gansu ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ពីរ​នាក់​រង​របួស។​

បន្ទាប់​ពី​ហេតុការ​ផ្ទុះ​កាល​ពី​ថ្ងៃ​ចន្ទ នៅលើបណ្ដាញសង្គមពេញនិយមចិន Weibo ក៏មានការបង្ហាញជាការព្រួ​យបារម្ភ និងរិះគន់ផងដែរ។ ​

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានបង្ហោះថា ៖ «តើយើងមិនបានរៀនមេរៀនរបស់យើងទេ?»​។ ​ប្រជាពលរដ្ឋ​ម្នាក់ទៀតបាននិយាយដែរថា ៖ «អ្នកដែលបើកហាងសាច់អាំងទាំងអស់គួរតែធ្វើការត្រួតពិនិត្យដោយខ្លួនឯង»។​

គ្រោះថ្នាក់​ដោយសារ​ការ​ផ្ទុះ​ហ្គាស និង​សារធាតុគីមី​ មិនមែន​ជា​រឿង​ចម្លែក​ទេ​នៅក្នុង​ប្រទេស​ចិននោះទេ បើ​ទោះជា​មានការ​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ​ដើម្បី​ពង្រឹង​សុវត្ថិភាព​ក៏ដោយ​៕

ប្រែសម្រួល៖នី ស្រីពៅ

ប្រភព៖ China cooking gas explosion kills one at barbecue restaurant

ads banner