ប្រតិភូសារព័ត៌មានអាស៊ានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) របស់ក្រុមហ៊ុនហូវៃ
ប៉េកាំង៖ ប្រតិភូសារព័ត៌មានមកពីអនុតំបន់មេគង្គ-ឡាងឆាងជាច្រើនរូប ក្នុងនោះមានអ្នកសារព័ត៌មានកម្ពុជា ០៨រូប បានធ្វើដំណើរស្វែងយល់អំពីសក្តានុពល នៃអនុតំបន់នេះ ជាមួយនឹងសហសេវិកមកពីប្រទេសចិន វៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា។

អំឡុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃនៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ ប្រតិភូសារព័ត៌មានអាស៊ានបានទៅទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) របស់ក្រុមហ៊ុនហូវៃ។ តំណាងក្រុមហ៊ុនហូវៃបានឱ្យដឹងថា Huawei Technologies ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា (IT) ធំជាងគេនៅក្នុងប្រទេសចិន បានបង្កើតភាពអស្ចារ្យ នៃសំណង់អគារជាប្រវត្តិសាស្ត្រតាមរចនាបថបែបអឺរ៉ុប ដើម្បីផ្តល់បរិយាកាស និងហេដ្ឋារចនាសម្ព័ន្ធតាមបែបអឺរ៉ុបបុរាណ សម្រាប់បុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ខ្លួន។ តំណាងក្រុមហ៊ុនហូវៃបន្តថា ដើម្បីធ្វើឱ្យសំណង់អគារបែបប្រវត្តិសាស្ត្រទាំងនោះក្លាយជាការពិត ក្រុមហ៊ុនបានងាកទៅរកវិស្វកររបស់ក្រុមហ៊ុន Inhabit។

ការបង្កើតសំណង់អគារតាមបែបអឺរ៉ុបបុរាណ សម្រាប់បុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុនហូវៃ មានទីតាំងនៅលើច្រាំងនៃបឹង សុងសាន ក្នុងទីក្រុង ដុងក្វាន់ ប្រទេសចិន ដោយផ្តល់ការិយាល័យធ្វើការសម្រាប់បុគ្គលិកប្រមាណ ៣៩,០០០នាក់។ តំណាងក្រុមហ៊ុនហូវៃបន្ថែមថា ទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) របស់ក្រុមហ៊ុនហូវៃ មានសំណង់អគារបែបអឺរ៉ុបសរុបចំនួន ១០៨ ដែលយកគំរូតាមទីតាំងផ្សេងៗគ្នាក្នុងប្រទេសអង់គ្លេស បារាំង អេស្ប៉ាញ និងបណ្តាប្រទេសផ្សេងទៀត ហើយភ្ជាប់ជាមួយគ្នាដោយប្រព័ន្ធផ្លូវដែក ៧.៨គីឡូម៉ែត្រ។ គម្រោងនេះមានទំហំសរុបជាង ១លានម៉ែត្រការ៉េ។

ក្នុងនោះមានបណ្ណាល័យមានសៀវភៅជាង ៣លានក្បាល មានកន្លែងបណ្តុះបណ្តាល ស្រាវជ្រាវ និងលម្ហែអារម្មណ៍ដល់បុគ្គលិក ដោយក្រុមហ៊ុននេះបានចំណាយប្រាប់រាប់សិបលានដុល្លារ ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍ។
សូមបញ្ជាក់ថា កាសែតរដ្ឋចិន People’s Daily បានអញ្ជើញប្រតិភូសារព័ត៌មានមកពីអនុតំបន់មេគង្គ-ឡាងឆាងជាច្រើនរូប ក្នុងនោះមានចិន កម្ពុជា វៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣៕





អត្ថបទ៖ ឈឹម ទីណា