សន្លឹកឆ្នោត ទឹកខ្មៅលុបមិនជ្រះ និងសម្ភារផ្សេងៗទៀត បម្រើឱ្យការបោះឆ្នោតថ្នាក់ជាតិ ត្រូវ គ.ជ.ប ដឹកជញ្ជូនចេញទៅតាមបណ្ដារាជធានី-ខេត្ត
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមដឹកជញ្ជូន សន្លឹកឆ្នោត ត្រាសម្ងាត់ ទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀតចេញពី ឃ្លំាងនា ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចែកជូនតាមគណៈកម្មការរាជធានី-ខេត្ត រៀបចំ ការបោះឆ្នោតទាំង ២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អ្នកយកព័ត៌មានថា គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹក យកទៅប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងជាង ១លានសន្លឹកទៀតសម្រាប់បម្រុងទុកនៅតាមរាជធានីខេត្ត។

ចំពោះទឹកខ្មៅលាងមិនជ្រះ នឹងបែងចែកនៅតាមការិយាល័យបោះឆ្នោត ដោយក្នុងមួយការិយាល័យទទួលបាន ២ដប ខណៈមានការិយាល័យបោះឆ្នោតសរុបមានចំនួន ២៣,៧៨៩ការិយាល័យ។ ទឹកខ្មៅលាងមិនជ្រះ ត្រូវបានរាជរដ្ឋាភិបាលបានបញ្ជាទិញមកពីប្រទេសឥណ្ឌា ចំនួន ៥ម៉ឺន ២ពាន់ដប ដោយក្នុងមួយដប មានចំណុះ ៧០មីលីលីត្រ មានតម្លៃ ១៧,៦៣ដុល្លារ។
សូមជម្រាបថា បើតាមតួលេខរបស់ គ.ជ.ប ប្រជាពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕

ដោយ ៖ វណ្ណលុក