ទឹកធ្លាក់ឆាយខ្ពស់ ជាទីកម្សាន្តរបស់អ្នកទេសចរ ដែលនៅជិតជាងគេនៅសហគមន៍អេកូទេសចរណ៍ជីផាត
(ខេត្តកោះកុង)៖ ក្នុងចំណោម តំបន់ ទេសចរណ៍ ជាច្រើនកន្លែងនៅក្នុងសហគមន៍ អេកូទេសចរណ៍ ជី ផាត នោះគឺទឹកធ្លាក់ ឆាយខ្ពស់ ជា តំបន់ទេសចរណ៍ ដែលស្ថិតនៅទីជិតជាងគេ ហើយក៏ជាតំបន់ទេសចរណ៍ប្រកបដោយ ទេសភាពដ៏ស្រស់ស្អាត និងទឹកធ្លាក់ដែលតែងទាក់ទាញដល់អ្នកទេសចរចូលកម្សាន្ត និង អ្នកខ្លះងូតទឹកលំហែកាយឥតសូវដាច់នោះទេ ។
ទឹកធ្លាក់ ឆាយខ្ពស់ ស្ថិតនៅក្នុង ភូមិសាស្រ្ត ភូមិ ជាំស្លា ឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ទឹកធ្លាក់កន្លែងនេះមានប្រភពចេញមកពីជួរភ្នំក្រវាញខាងត្បូងក្នុងនេះបានហូរកាត់ព្រៃភ្នំក្រមថ្ម រាប់សិបគីឡូម៉ែត្រ ទើបមកដល់ទីកន្លែងនេះរួចបានហូរធ្លាក់ទៅដល់ដៃសមុទ្រស្ថិតនៅក្នុងព្រែកជីផាតតែម្តង ។
ការធ្វើដំណើរមកកម្សាន្តក្នុង តំបន់សហគមន៍ អេកូទេសចរណ៍ ឃុំ ជីផាត គេអាចធ្វើដំណើរមកកាន់ចន្លោះគីឡូម៉ែត្រ៤៥-៤៦ នៃកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងភូមិព្រលានឃុំអណ្តូងទឹក ស្រុកបុទុមសាគរ រួចបត់ស្តាំ(បើមកពីភ្នំពេញ) ចូលតាមផ្លូវក្រាលគ្រួសក្រហម ចម្ងាយប្រមាណជាង១៦គីឡូម៉ែត្រ គឺមកដល់ សហគមន៍ អេកូទេសចរណ៍ ស្ថិត នៅក្នុងឃុំជីផាតនិងបន្តដំណើរប្រមាណ ២គីឡូម៉ែត្រទៀតនឹងមកដល់ទឹកធ្លាក់ឆាយខ្ពស់នេះហើយ ។
លោក អន សុវណ្ណ ប្រធានសហគមន៍ អេកូទេសចរណ៍ ជីផាត បានឱ្យដឹងថា៖ទឹក ធ្លាក់ឆាយខ្ពស់ មានទីតាំងស្តិតនៅក្នុងភូមិ ជាំស្លា ដែលផ្តល់ភាពងាយស្រួលដល់ អ្នកទេសចរ ចូលមកកម្សាន្ត ហើយក៏ជាទីតាំងមួយស្រស់ស្អាត ដែលអ្នកទេសចរតែងចូលមកកម្សាន្តសម្រាកលំហែកាយ ស្រស់ស្រូបអាហារ និងងូតទឹលេងយ៉ាងសប្បាយរីករាយ។
លោកប្រធានសហគមន៍បានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ក្នុងរមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់នេះអ្នកទេសចរណ៍អាចសម្រាកលំហែកាយដោយបោះតង់ ជិះទូកដើរចាក់បង្កងកម្សាន្ត ស្ទូចត្រី និងជិះទូកកម្សាន្តព្រៃភ្នំជាដើម។
លោក អន សុវណ្ណ បានប្រាប់ដែរថា៖សហគមន៍មួយនេះត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ក្នុងគោលបំណងចូលរួមថែរក្សាការពារបរិសា្ថន ធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃជាដើម។
គួរបញ្ជាក់ថាសមាគមន៍អេកូទេសចរណ៍ជីផាតអ្នកទេសចរអាចធ្វើដំណើរកម្សាន្តបែបផ្សងព្រេង តាមព្រៃភ្នំក្នុងនេះដូចជាធ្វើដំណើរដោយថ្មើជើងក្នុងព្រៃភ្នំ ជិះកង់ ដើម្បីទស្សនាទឹកជ្រោះ សំខាន់ៗដូចជា៖ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់អូរម្លូ ទឹកធ្លាក់អូរស្រឡៅ ទឹកធ្លាក់អូរទឹកវេទ ទឹកធ្លាក់ឆាយជ្រៃ និងទឹកធ្លាក់អូរស្ប័តជាដើម ៕
អត្ថបទ ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ពុធ សុខជា