សមត្ថកិច្ចបញ្ជូនមន្ត្រីគណបក្សភ្លើងទៀនចំនួន២នាក់ ដែលបង្កចលាចលដល់ការបោះឆ្នោតទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូនមន្ត្រីគណបក្សភ្លើងទៀនចំនួន២នាក់ ដែលបង្កចលាចលដល់ការបោះឆ្នោតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ មនុស្សទាំង២នាក់នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ គឺឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន និងឈ្មោះ អេង ស្រូយ ភេទប្រុស ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឱ្យនាំខ្លួនចេញដោយលោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ វង រុន្នី និងឈ្មោះ អេង ស្រូយ ពីបទបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេលបន្តបន្ទាប់បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ សមាជិកគណបក្សភ្លើងទៀន ចំនួន៤នាក់ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ដោយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត នៅពេលដែលទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានបន្តចាប់ខ្លួនចំនួន២នាក់ បន្ថែមទៀត។

សមាជិកគណបក្សភ្លើងទៀន ដែលឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ រួមមាន ទី១.ឈ្មោះ លី រី សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២.ឈ្មោះ ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ ការឃាត់ខ្លួននេះ ទាក់ទងការបង្ហោះសារសំឡេងផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត។

យោងតាមមាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖ ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុងចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
ដោយ៖ពលជ័យ

ads banner