គ.ជ.ប សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ឃ្លាំមើការបោះឆ្នោតនីតិកាលទី ៧ជិតប្រាំបួនម៉ឺននាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ឃ្លាំមើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សរុបមានចំនួនជិត ប្រាំបួនម៉ឺននាក់។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគ.ជ.ប និងជាអ្នកនាំពាក្យនៃគ.ជ.ប បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដាថា អង្គការ សមាគម ដែលបានដាក់អ្នកសង្កេតការណ៍ជាតិ មានចំនួន ១៣៤ អង្គការ សមាគម ដែលមានចំនួនសរុប ៨៩ ៥៦២ នាក់។ដោយឡែក អ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានទទួលស្គាល់រួចហើយមានចំនួន ១៣ ស្ថាប័ន ដែលមានសរុបចំនួន ៨៤ នាក់ ខណៈអ្នកសេង្កេតការណ៍អន្តរជាតិដែលត្រូវពិនិត្យបន្តបន្ទាប់ទៀត មានចំនួន ១៧ ស្ថាប័ន ដែលមនុស្ស មានចំនួន ១២៦នាក់ មកពីបណ្តាប្រទេសនានា។

ឯកឧត្តម ហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា ក្នុងដំណើការឃ្លាំមើលការបោះឆ្នោតខាងមុខនេះ ក៏មានភ្ញៀវពិសេសមកពីស្ថាប័នចំនួនបួនផងដែរ ដែលបានទទួលស្គាល់ជាផ្លូវការចំនួនប្រាំបីនាក់។

ឯកឧត្តមបានប្រាប់ថាការចូលរួមសង្កេតការណ៍ពីសំណាក់អង្គការ សមាគមជាតិ និងអន្តរជាតិ គឺស្របទៅនឹងមាត្រា ១៤ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលអាចបញ្ជូនតំណាងរបស់ខ្លួន សម្រាប់ធ្វើជាអ្នកសង្កេតការណ៍ក្នុងដំណើការបោះឆ្នោតនេះបាន។

ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់បន្ថែមថា ៖ «អ្នកសង្កេតការណ៍ទាំងអស់ត្រូវតែមានការទទួលស្គាល់ជាផ្លូវការបស់គ.ជ.ប និងមានចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ និងនីតិវិធីនៃការបោះឆ្នោត ព្រមទាំងក្រមសីលធម៌ ទើបអាចចូលរួមសង្កេតការណ៍បោះឆ្នោតបាន ប៉ុន្តែបើមិនមានចំណេះដឹងពាក់ព័ន្ធនឹងការបោះឆ្នោតទេ ពួកគេត្រូវទៅទទួលយកការបណ្តុះបណ្តាល ពីមន្ត្រីគ.ជ.ប។ មួយវិញទៀត ទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិត្រូវមានការសហការស្និទ្ធជាមួយភ្នាក់ងារគណបក្សនយោបាយ និងមន្ត្រីការិយាលយ័បោះឆ្នោត និងរាប់សន្លឹកឆ្នោតព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ»។

អ្នកនាំពាក្យដដែលបានបន្តទៀតថា អ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិត្រូវតែសង្កេតការណ៍ប្រកបដោយអព្យាក្រឹ ត្យភាពរបស់ខ្លួន ដោយមិនត្រូវប្រើប្រាស់វោហាស័ព្ទនៅក្នុងការិយាល័យបោះឆ្នោត ដោយពួកគេមានតួនាទីត្រឹមតែសម្លឹងដោយភ្នែក កត់ត្រាដោយដៃ និងស្តាប់ដោយត្រចៀក តែមិនមានសិទ្ធិតវ៉ា ឬចាត់ចែងការងាបោះឆ្នោតនោះទេ។លើសពីនេះ ទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មិនត្រូវប្រើប្រាស់ឥទ្ធិពល ឬសកម្មភាព ឃោសនា រំខាន ញុះញង់ គំរាម និងបង្ខំ ឬក៏ទិញសន្លឹកឆ្នោត ឬជ្រៀតជ្រែកការងារមន្ត្រីការិយាល័យបោះឆ្នោត នោះទេ។អ្នកសង្កេតការណ៍ត្រូវបានហាមធ្វើការចាត់ចែងការងារជំនួសមន្ត្រីការិយាល័យបោះឆ្នោត ហាមថតរូប ហាមនៅក្បែរបន្ទប់សម្ងាត់ ហាមស្ទង់មតិ ធ្វើកិច្ចសម្ភាសនៅក្នុងការិយាល័យបោះឆ្នោត ជាពិសេស គឺហាមប៉ះពាល់ដល់ឯកសារ និងសម្ភារបោះឆ្នោត នៅក្នុងការិយាល័យបោះឆ្នោត។

លោក កែវ មាលា ប្រធានសមាគមបញ្ញវន្តដើម្បីសន្តិភាព បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដាដែរថា សមាគមរបស់លោកបានដាក់អ្នកសង្កេតការណ៍ចំនួន ១៥ នាក់ សម្រាប់ឃ្លាំមើលការបោះឆ្នោត នៅក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ នៅក្នុង៧រាជធានីខេត្ត និងចល័តមួយ នាក់ ដើម្បីពិនិត្យមើលទៅលើការប្រើប្រាស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្តតាមឆន្ទៈ និងលទ្ធិប្រជាធិតេយ្យ។

លោកបានឱ្យដឹងថា តាមរយៈគោលការណ៍លទ្ធិប្រជាធិបតេយ្យនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងជាម្ចាស់ប្រទេស ជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំ។ ដូច្នេះ ការចូលរួមសង្កេតការណ៍របស់សមាគមក្នុងដំណើរការបោះឆ្នោតនេះ ដើម្បី ឱ្យដឹងថា ប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិមានប្រសិទ្ធភាព និងការបោះឆ្នោតត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ក្នុងកម្រិតណា។

ជុំវិញបញ្ហានេះ ដែរ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគ.ជ.ប ផងដែរនោះ បានប្រាប់ឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា គ.ជ.ប ក៏បានជួបជាមួយនឹងតំណាងប្រទេសនិយាយភាសាបារាំង (Francaiconi) ចំនួនប្រាំ រូបផងដែរ ដើម្បីពិភាក្សាការងារបោះឆ្នោត។

លោកបានបញ្ជាក់ថា តំណាងទាំងប្រាំរូបនេះ បានប្រាប់គ.ជ.ប ថា ពួកគេពេញចិត្តក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នេះ។ ជាមួយគ្នានេះ ពួកគាត់ក៏នឹងជួបជាមួយតំណាងអង្គការសមាគម និងគណបក្សនយោបាយផងដែរ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner