កូរ៉េខាងជើង៖ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ទង្វើលីលា ដែលបំផ្លាញស្ថិរភាពរបស់ខ្លួន
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ប្អូនស្រីរបស់លោកមេដឹកនាំ គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកគួរតែជៀសវាងនូវ «ទង្វើលីលា» ដែលអាចធ្វើឱ្យសន្តិសុខរបស់ខ្លួនប្រឈមមុខនឹងហានិភ័យ។ នេះបើតាមការរាយការណ៍បន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចេកឃ៍ ស៊ូលីវ៉ាន បានថ្លែងថាសហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភថាកូរ៉េខាងជើងនឹងធ្វើតេស្ដមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មួយផ្សេងទៀត បន្ទាប់ពីប្រទេសនេះបាញ់សាកល្បង ICBM ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីសប្តាហ៍មុន។
លោកស្រីថ្លែងថា៖«សហរដ្ឋអាមេរិកគួរតែបញ្ឈប់ទង្វើលីលា ដែលអាចធ្វើឲ្យសន្តិសុខរបស់ខ្លួនប្រឈមនឹងហានិភ័យ ដោយបង្ករឿងមកលើយើង»។ លោកស្រីបានរិះគន់ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យទៅកូរ៉េខាងត្បូង ហើយបាននិយាយថា កិច្ចខិតខំប្រឹងប្រែងបែបនេះ នឹងគ្រាន់តែជំរុញមិនឱ្យទីក្រុងព្យុងយ៉ាងចរចា»។
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងដ៏មានឥទ្ធិពលដដែល បានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យមានការចរចាដោយគ្មានលក្ខខណ្ឌ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគិតខុសហើយ ប្រសិនបើជឿថាការរំសាយអាវុធរបស់កូរ៉េខាងជើង អាចនឹងកើតមានឡើង។
លោកស្រី បានបន្តថា៖ «សហរដ្ឋអាមេរិកកំពុងវង្វេងស្មារតី ប្រសិនបើជឿថា ខ្លួនអាចបញ្ឈប់ការរីកចំរើនរបស់យើង និងសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ ដោយការបញ្ឈប់ជាបណ្តោះអាសន្ននូវសមយុទ្ធយោធារួមគ្នា ការដាក់ពង្រាយធនធានយោធាយុទ្ធសាស្ត្រ ឬការបន្ធូរបន្ថយទណ្ឌកម្មជាដើមនោះ»។
គួរគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ភាពតានតឹងកើនឡើងជាថ្មី នៅពេលប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ថា អាមេរិកបានបង្ហោះយន្តហោះចារកម្មលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ថ្កោលទោសការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកទៅកូរ៉េខាងត្បូង និងបានប្តេជ្ញាចាត់វិធានការឆ្លើយតបផ្សេងៗ៕ ប្រែសម្រួល៖ ហួន ឌីណា