បណ្ដាគណបក្សសម្ព័ន្ធមិត្ត បានបញ្ជាក់សារជាថ្មីពីគោលជំហរគាំទ្រលោក ភិថា ឱ្យធ្វើជានាយករដ្ឋមន្ត្រី

ថៃ៖ សម្ព័ន្ធភាពរបស់គណបក្សនយោបាយទាំងប្រាំបីដែលកំពុងរួបរួមគ្នាដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំសម្រាប់អាណត្តិបន្ទាប់នៅប្រទេសថៃ កាលពីថ្ងៃទី១៧ ខែកក្កដា បានបញ្ជាក់នូវគោលជំហររបស់ពួកគេសារជាថ្មី ថាពួកគេនៅតែបន្តគាំទ្រលោក ភិថា លិមចារើនរ៉ាត់ (Pita Limjaroenrat) ឱ្យក្លាយជានាយករដ្ឋមន្ត្រី បើទោះជាលោកបានបរាជ័យម្ដងរួចមកហើយកាលពីសប្តាហ៍មុន នៅក្នុងការបោះឆ្នោតសភាក៏ដោយ។

លោក ភិថា ជាមេដឹកនាំគណបក្សឈានទៅមុខ (Move Forward Party) ដែលបានឈ្នះឆ្នោតកាលពីខែឧសភាកន្លងទៅ ប៉ុន្តែលោកបានបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រជាង ៥០ភាគរយ នៃអាសនៈសរុបទាំងអស់រួមមានសភាជាន់ទាប និងសភាជាន់ខ្ពស់ ឬព្រឹទ្ធសភាដែលតែងតាំងដោយយោធា។

គួរដឹងដែរថា សភាថៃនឹងរៀបចំការបោះឆ្នោតសារជាថ្មីម្ដងទៀតនៅថ្ងៃពុធ ខាងមុខនេះ។ បន្ទាប់ពីកិច្ចប្រជុំជាមួយគណបក្សដែលជាសម្ព័ន្ធភាព លោក ភិថា បាននិយាយថា លោកមានទំនុកចិត្តយ៉ាងខ្លាំងថា ព្រឹទ្ធសភាមិនអាចរារាំងការចូលទៅកាន់មុខដំណែងជានាយករដ្ឋមន្ត្រីរបស់លោកបាននោះទេ។

យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រសិនបើលោកមិនអាចទទួលបានសំឡេងគាំទ្របន្ថែមទៀតពីព្រឹទ្ធសភាក្នុងការបោះឆ្នោតសភាលើកទីពីរនេះទេ លោកនឹងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តដែលជាគណបក្សភឿថៃ ចេញធ្វើសកម្មភាពទៅតាមផែនការរបស់ពួកគេវិញម្ដង។ កាលពីចុងសប្តាហ៍កន្លងទៅ លោកក៏ធ្លាប់បានលើកឡើងថា គណបក្សដែលជាសម្ព័ន្ធមិត្តនយោបាយ អាចដឹកនាំរដ្ឋាភិបាលថ្មី ប្រសិនបើលោកបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា គណបក្សភឿថៃជាគណបក្សដែលបានឈ្នះសំឡេងឆ្នោតច្រើនជាងគេលំដាប់ទីពីរ បន្ទាប់ពីគណបក្សឈានទៅមុខ កាលពីការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា។ ក្រឡេកទៅមើលសមាជិកព្រឹទ្ធសភាវិញ មានតែ ១៣ នាក់ប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រលោក ភិថា កាលពីសប្តាហ៍មុន ដោយមួយចំនួនបានបោះឆ្នោតប្រឆាំងនឹងរូបលោក ហើយអ្នកខ្លះទៀតបានបោះអនុប្បវាទ។ យ៉ាងណាមិញ គណបក្សរបស់លោកបានលើកឡើងថា សមាជិកសភាខ្លះបានសម្រេចចិត្តបោះឆ្នោតប្រឆាំងដោយសារស្ថិតក្រោមការគំរាមកំហែង។

លោក ភិថា មានវ័យ ៤២ ឆ្នាំ ជាអ្នកសេរីនិយម ហើយលោកក៏ជាអ្នកដែលពូកែខាងរកស៊ីនៅក្នុងវិស័យឯកជនផងដែរ។ លោកបានទទួលការគាំទ្រពីយុវជនយ៉ាងច្រើន ជាពិសេសគាំទ្រគោលនយោបាយកំណែទម្រង់សង្គម នយោបាយ វិស័យឯកជន និងស្ថាប័នសំខាន់ៗដែលគេសង្កតឃើញថាជាស្ថាប័នដែលគ្មាននរណាអាចប៉ះពាល់បាន។

ក្នុងនោះរួមមាន ការកែប្រែច្បាប់ដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យប្រមាថខ្សែរាជវង្ស ដែលគិតរហូតមកដល់ពេលនេះ វាគឺជាគោលនយោបាយដែលកំពុងជួបបញ្ហាចម្រូងចម្រាសបំផុតរបស់គណបក្សឈានទៅមុខ និងជាឧបសគ្គដ៏ធំមួយក្នុងការបញ្ចុះបញ្ចូលសមាជិកសភាឱ្យបោះឆ្នោតគាំទ្រលោក ភិថា៕ ប្រែសម្រួល៖ ធា សុណា

ads banner