គ.ជ.ប៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោត ក្នុង ថ្ងៃទីដប់ប្រាំបីប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ភ្នំពេញ៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើស តាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្ស នយោបាយក្នុង ថ្ងៃទីដប់ប្រាំបីនេះបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើ យោងតាមសេចក្តី ប្រកាស ព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅថ្ងៃទីដប់ប្រាំបីនៃយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៣ បានធ្វើសកម្មភាពឃោសនាបោះ ឆ្នោត ។ ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួន ឃោសនា រកសំឡេងឆ្នោត។

ទី១: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហែក្បួនឃោសនានៅ មណ្ឌលខេត្តកំពង់ធំ។ ទី២: គណបក្សសញ្ជាតិកម្ពុជា ហែក្បួន ឃោសនា នៅមណ្ឌលខេត្តកំពង់ស្ពឺ។ ទី៣: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និង មណ្ឌលខេត្តក្រចេះ។ ទី៤: គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌល ខេត្តកណ្ដាល និងទី៥: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនា នៅមណ្ឌលខេត្តរតនគិរី មណ្ឌលខេត្តកំពត មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តកំពង់ឆ្នាំង និងមណ្ឌលខេត្តឧត្ដរមានជ័យ។

ចំណែកគណបក្សនយោបាយ ចំនួនប្រាំបីទៀត រួមមាន គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្ស ធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សកសិករ គណបក្សស្រ្តីដើម្បីស្រ្តី និងគណបក្សយុវជនកម្ពុជា បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយ នៅ ទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្រ្តី សម្ដែង សិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោត ដែលខ្លួនឈរឈ្មោះ។

ប្រភពគ.ជ.ប បន្តថា ជារួម ស្ថានភាពទូទៅនៃដំណើរការ ឃោសនា បោះឆ្នោត របស់គណបក្សនយោបាយក្នុងថ្ងៃទីដប់ប្រាំបីនេះ បានប្រព្រឹត្ត ទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើ ហិង្សា។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា។ ចំណែកការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ខែកក្កដា ដោយមានគណបក្សចំនួន១៨ចូលរួម៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner