អ្នកជំនាញ គាំទ្រចំពោះការរៀបចំឱ្យមានការគោរពភ្លេងជាតិដល់អ្នកដំណើរ
សៀមរាប៖ រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានស្នើដល់អ្នកដំណើរឆ្លងកាត់ស្រុកក្រឡាញ់ទាំងអស់ ចូលរួមគោរពទង់ជាតិ រៀងរាល់ព្រឹកថ្ងៃចន្ទ និងថ្ងៃសុក្រ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ ករណីនេះត្រូវបានអ្នកជំនាញ ចាត់ទុកថា នេះគឺជាសកម្មភាពគំរូ និងចង់ឱ្យមានសកម្មភាពបែបនេះនៅទូទាំងប្រទេស។
ការលើកឡើងពីក្រុមអ្នកជំនាញនាពេលនេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋបាលស្រុកក្រឡាញ់ បានជូនដំណឹងស្ដីពីការអនុវត្តរៀបចំគោរពទង់ជាតិ នៃព្រះរាជាណាចកកកម្ពុជា ក្នុងស្រុកក្រឡាញ់ កាលពីថ្ងៃទី១៧ ខែកក្កដា។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់នៅថ្ងៃទី១៨ ខែកក្កដា បានឱ្យដឹងទៀតថា ដើម្បីចូលរួមថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និងដាស់អារម្មណ៍ ស្មារតីដល់សាធារណជន ពិសេសប្រជាពលរដ្ឋនៅស្រុកក្រឡាញ់ ទើបរដ្ឋបាលស្រុករៀបចំឱ្យមានការចាក់ផ្សាយចម្រៀងជាតិនេះ។
លោកបន្តថា ៖ «បច្ចុប្បន្នរដ្ឋបាលស្រុក្រឡាញ់បានរៀបចំឧបករណ៍ឧឃោសនសព្ទតាមដងផ្លូវរួចរាល់ហើយ ហេតុនេះរដ្ឋបាលស្រុកក្រឡាញ់ នឹងរៀបចំការចាក់ផ្សាយចម្រៀងជាតិ ចាក់បទនគររាជផ្សាយចេញពីវិទ្យុ តាមរយៈឧឃោសនសព្ទ (មេក្រូ) ចាប់ពីថ្ងៃទី២៤ ខែកក្កដារៀងរាល់ថ្ងៃចន្ទ និង ថ្ងៃសុក្រ វេលាម៉ោង ៧:០០ព្រឹក ចាប់ពីមុខអគារសាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ»។

លោកអភិបាលស្រុកក្រឡាញ់ បានបង្ហាញក្តីរំពឹងថា សកម្មភាពនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់សារធារណជន ពិសេសមន្រ្តីរាជការ ប្រជាពលរដ្ឋ ឱ្យមានស្មារតីស្រឡាញ់អត្តសញ្ញាណដួងព្រលឹងជាតិ ហើយវាក៏ជាចំណែកជួយលើកកម្ពស់សណ្តាប់ធ្នាប់ទូទាំងស្រុកក្រឡាញ់ផងដែរ។
លោកបន្តថា លើសពីនេះដោយសារទីរួមស្រុកក្រឡាញ់គឺជាស្រុកច្រកអន្តរជាតិជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យមួយដែរហេតុនេះតាមរយៈសកម្មភាពនេះនឹងជួយទាក់ទាញវិស័យទេសចរណ៍ដល់ខេត្តសៀមរាបថែមទៀត។
ជុំវិញរឿងនេះដែរ លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដាដែរថា ទង់ជាតិខ្មែរជាផ្នែកសំខាន់នៃដួងព្រលឹងជាតិ ហេតុនេះគួរតែមានសកម្មភាពគោរពឱ្យបានខ្ជាប់ខ្ជួននៅទូទាំងប្រទេស។លោកក៏បានបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់ស្រុកក្រឡាញ់ផងដែរ។

លោកបានបន្តថា ៖ «បើប្រៀបធៀបកាលពីជំនាន់ខ្ញុំនៅក្មេង មិនថាសាលាតូចធំ កន្លែងការងារ ក្រសួងមន្ទីរ តែងមានការគោរពទង់ជាតិ តែបច្ចុប្បន្នសម័យទំនើបមនុស្សហាក់ភ្លេចកត្តញ្ញូចំពោះជាតិខ្លួនឯង ដែលធ្វើឱ្យបាត់បង់នូវអត្តសញ្ញាណជាតិ»។
លោក សំបូរ ម៉ាណារ៉ា បន្តថា ៖ «ខ្ញុំចង់ឃើញសកម្មភាពនេះមាននៅទូទាំងប្រទេសមិនមែនមានតែស្រុកក្រឡាញ់មួយទេ ព្រោះទង់ជាតិខ្មែរគឺជាផ្នែកដ៏សំខាន់របស់ជាតិ បើយើងមានឱកាសកាន់ទង់ជាតិទៀតយើងត្រូវតែកាន់ និងចូលរួមគោរពទាំងអស់គ្នា ដើម្បីលើកម្ពស់តម្លៃជាតិ»។
ជាមួយគ្នានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រចំពោះការរៀបចំឱ្យមានការគោរពទង់ជាតិនេះ និងចង់ឱ្យមានទូទាំងប្រទេស ព្រោះសកម្មភាពនេះជាការដាស់ស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ ឱ្យមានការភ្ញាក់រលឹក មានមនោសញ្ចេតនា និងឧត្តមគតិស្រឡាញ់ជាតិ ពិសេសជួយបណ្តុះស្មារតីស្រឡាញ់ជាតិ និងសាមគ្គីជាតិផងដែរ។
លោកបានប្រាប់ថា ក្នុងបទនគររាជនេះ គឺមានអត្ថន័យធំធេងណាស់ បង្កប់ទៅដោយសារអប់រំជាច្រើន ដែលរំលឹកធ្វើឱ្យយើងនឹកឃើញពីអរិយធម៌ប្រាង្គប្រាសាទដ៏រុងរឿងរបស់ខ្មែរ។ ហេតុនេះខ្ញុំសូមឱ្យចូលរួមគោរពទាំងអស់គ្នា មិនមែនតែស្រុកក្រឡាញ់ទេ ហើយការគោរពនេះ មិនមែនគ្រាន់តែស្តាប់បទចម្រៀងឱ្យចប់ប៉ុណ្ណោះទេ ពោលគឺត្រូវតែមានបេះដូងស្រឡាញ់ជាតិពិតប្រាកដផង។
យោងតាមការជូនដំណឹងរបស់រដ្ឋបាលស្រុកក្រឡាញ់ បានអះអាងបន្ថែមថា ការរៀបចំឱ្យមានការគោរពទង់ជាតិនេះ មិនមែនអនុវត្តត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះទេ ពោលគឺនឹងអនុវត្តរហូតតទៅ។
ប្រភពដដែលថា ហេតុនេះ រដ្ឋបាលស្រុកនេះ បានបន្តស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួមស្រុកក្រឡាញ់ និងអង្គភាពរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋទាំងអស់ដែលបានឮសំឡេង ការចាក់ផ្សាយនូវចម្រៀងជាតិ សូមមេត្តាឈប់ការធ្វើដំណើរ ឬផ្អាកសកម្មភាពការងារផ្សេងៗសិន ដើម្បីចូលរួមគោរពភ្លេងជាតិឱ្យបានចប់សិន ទើបអាចបន្តការធ្វើដំណើរ ឬ អនុវត្តការងារផ្សេងៗទៀតបាន។
សូមបញ្ជាក់ផងដែរថា ការគោរពភ្លេងជាតិនេះ មិនមែនទើបតែចាប់ផ្តើមនៅស្រុកក្រឡាញ់ ខេត្តសៀមរាបនេះទេ ប៉ុន្តែនៅតាមបណ្តាខេត្តនិងក្រសួងរដ្ឋមួយចំនួន បានរៀបចំការគោរពភ្លេងជាតិនេះជាច្រើនឆ្នាំកន្លងមកហើយ ក្នុងនោះមានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តកោះកុងជាដើម៕ ដោយ៖ បូរ ពេជ្រហ្សាលីន