ឆមាសទី១ ឆ្នាំ២០២៣ កម្មករក្នុងវិស័យសំណង់ជាង ៦០០នាក់ បានមកចុះបញ្ជិកាដើម្បីទទួលបានប័ណ្ណ ប.ស.ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ របាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានបង្ហាញថា រយៈពេលប្រាំមួយខែ ក្នុងឆ្នាំ២០២៣ នេះ មានកម្មករសំណង់ជាង ៦០០នាក់ បានមកចុះបញ្ជិកាដើម្បីទទួលបានប័ណ្ណ ប.ស.ស ដែលចំនួននេះមានកើនឡើងប្រមាណ ២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានប្រាប់ឱ្យដឹងថា គិតមកត្រឹមឆមាសទី១ឆ្នាំ២០២៣នេះ មានសហគ្រាសវិស័យសំណង់ចំនួន ៤៣៦ និងកម្មករសំណង់សរុបចំនួន ២៨ ៣៣០នាក់ ក្នុងនោះស្រីចំនួន ៥ ១៧២នាក់ ដែលបានមកចុះបញ្ជីក្នុងប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម។

លោកបានបន្តថា ដោយឡែកក្នុងរយៈពេលប្រាំមួយខែចាប់ពីខែមករា រហូតដល់ ខែមិថុនា ក្នុងឆ្នាំ២០២៣នេះ មានកម្មករវិស័យសំណង់ចំនួន ៣៣ សហគ្រាស ស្មើនឹង ៦៧១នាក់ ក្នុងនោះស្រីចំនួន ១៤៥នាក់ បានមកចុះបញ្ជិកាដើម្បីទទួលបានប័ណ្ណប.ស.សបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ សហគ្រាសមានការកើនឡើង៤៣ភាគរយនិងកម្មករនិយោជិតក្នុងវិស័យនេះមានកើនឡើង២៣ភាគរយ ប៉ុណ្ណោះ។

លោកបានថ្លែងថា ៖ «ករណីនេះបង្ហាញពីភាពលំបាកគ្រប់គ្រង ជាពិសេសការធ្វើការមិនទៀងទាត់នៃកម្មករនិយោជិតវិស័យមួយនេះ។ ដូច្នេះហើយ ប.ស.ស ក៏ជួបបញ្ហាប្រឈមក្នុងការចុះបញ្ជីកម្មករនិយោជិតវិស័យសំណង់នេះផងដែរព្រោះកម្មករមានចលនាចេញចូល ធ្វើការមិនទៀងទាត់ និងមិនមានអត្តសញ្ញាណប័ណ្ណជាដើម»។

លោក ហេង សុផាន់ណារិទ្ធ បន្តថា ហើយខណៈដែលមានបញ្ហាប្រឈមទាំងនេះ ជាដំណោះស្រាយ ប.ស.ស ក៏បានសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើការផ្សព្វផ្សាយទៅដល់កម្មករនិយោជិតទាំងនោះ ឱ្យយល់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមជៀសវាងការផ្លាស់ប្តូរចេញ-ចូល មិនច្បាស់លាស់»។

ឆ្លៀតក្នុងឱកាសនេះ លោកក៏សំណូមពរទៅដល់ម្ចាស់ក្រុមហ៊ុនសំណង់ អ្នកម៉ៅការត្រូវមានឆន្ទៈមកចុះបញ្ជី រាយការណ៍ចំនួនកម្មករឲ្យបានត្រឹមត្រូវ និងចូលរួមបង់ភាគទានជូនកម្មករ ដែលបម្រើការងារក្នុងវិស័យនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះនេះជាការចូលរួមចំណែកដ៏សំខាន់បំផុត និងជាគុណធម៌ក្នុងនាមជានិយោជក មិនថាក្រុមហ៊ុន ឬអ្នកម៉ៅការនោះទេ។

ដោយឡែក លោក យ៉ាន់ ធី អគ្គលេខាធិការរបស់សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC)បានឱ្យដឹងដែរថា យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្ហាញកន្លងមកថា ចំនួនកម្មករសំណង់សរុបក្នុងប្រទេសកម្ពុជាមានចន្លោះពី ២០ម៉ឺន ទៅ២៥ម៉ឺននាក់ដែលកំពុងស្ថិតក្នុងស្ថានភាពបម្រើការងារមិនជាប់លាប់ មិនមានការកំណត់ប្រាក់ឈ្នួល ពេលខ្លះត្រូវបានអ្នកម៉ៅការ រត់ចោលមិនបើកប្រាក់ឈ្នួលឱ្យកម្មករជាដើម។

លោកបន្តថា ប៉ុន្តែសម្រាប់កម្មករសំណង់ដែលជាសមាជិករបស់សហ័ន្ធ BWTUC មកដល់ពេលនេះ គឺបានកត់ត្រាមានចំនួនសរុប ១១ ៣៦៤នាក់ ហើយក្នុងមានតែសមាជិក ៨ ១១៧នាក់ប៉ុណ្ណោះដែលត្រូវនិយោជក ចុះបញ្ជីពួកគាត់ក្នុងការទទួលប័ណ្ណ ប.ស.ស។

ហេតុនេះហើយលោក យ៉ាន់ ធី និយាយថា ចំនួនកម្មករសំណង់ទាំងនេះ នៅមានតិចតួចខ្លាំងណាស់ដែលទទួលបានប័ណ្ណ ប.ស.ស ខណៈដែលពួកគាត់បច្ចុប្បន្ននេះ កំពុងប្រឈមនូវបញ្ហាដូចជា ពេលមានគ្រោះថ្នាក់ត្រូវចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការព្យាបាល ហើយក៏អាចនឹងប៉ះពាល់ដល់ការចំណាយផ្សេងៗទៀតនៅក្នុងគ្រួសារ ពិសេសពួកគាត់អាចនឹងងាយធ្លាក់ចូលក្នុងស្ថានភាពក្រីក្របើមានករណីគ្រោះថ្នាក់ណាមួយកើតឡើងចំពោះពួកគាត់។

លោក យ៉ាន់ ធី លើកឡើងថា ៖ «ចំពោះឧបសគ្គដែលរារាំងកម្មករសំណង់ មិនអាចទទួលបានប័ណ្ណ ប.ស.សហ្នឹង គឺកើតឡើងដោយសារតែមានក្រុមហ៊ុនឬការដ្ឋានសំណង់មួយចំនួននៅមិនទាន់បានចុះបញ្ជីជាមួយប.ស.ស នៅឡើយ ហើយក៏មានក្រុមហ៊ុនមួយចំនួនទៀត បានចុះបញ្ជីតែបង់ភាគទានសម្រាប់តែបុគ្គលិកធំៗប៉ុណ្ណោះ»។

លោកបន្ថែមថា ក្រៅពីនេះក្នុងវិស័យសំណង់ ក៏មានអ្នកម៉ៅការបន្តច្រើនពេក ដែលជាបញ្ហាពិបាកក្នុងការរកអ្នកទទួលខុសត្រូវលើបញ្ហារបស់កម្មករ ហើយក្រុមអ្នកម៉ៅការទាំងនោះភាគច្រើនមិនបានចុះបញ្ជីអាជីវកម្មរបស់ខ្លួននោះឡើយ។

យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ មានកម្មករនិយោជិតចំនួនប្រមាណជាងបីលាននាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និងកម្មករនិយោជិតចំនួន ៣៧៤លាននាក់បន្ថែមទៀត ទទួលរងពីគ្រោះថ្នាក់ការងារ ប៉ុន្តែមិនបាត់បង់ជីវិត៕ ដោយ៖ ជា សុខនី

ads banner