វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តផ្ដល់សេវាថ្នាំបង្ការ ដល់ជនរងគ្រោះដោយសត្វខាំ ក្នុងអំឡុងពេលបោះឆ្នោតខាងមុខនេះ
ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានប្រកាសថានឹងមានបុគ្គលប្រចាំការសម្រាប់ផ្ដល់សេវាថ្នាំបង្ការ និងសេវាពិគ្រោះយោបល់ ដល់ជនរងគ្រោះដោយសត្វខាំ ក្នុងកំលុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដានថា ក្នុងកំលុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ខាងមុខនេះ វិទ្យាស្ថានប៉ាស្ទ័រ បានប្រកាសឱ្យសាធារណជនជ្រាបថា ផ្នែកផ្ដល់សេវាថ្នាំបង្ការ និងសេវាពិគ្រោះយោបល់ គឺវិទ្យាស្ថានប៉ាស្ទ័រ មានបុគ្គលប្រចាំការ ដើម្បីផ្ដល់សេវាជូនជនរងគ្រោះដោយសារសត្វខាំ។ការផ្ដល់សេវាទាំងនោះ នឹងត្រូវអនុវត្តតាមកាលវិភាគរួមមាន៖ សម្រាប់មជ្ឍមណ្ឌលបង្ការជំងឺឆ្កែឆ្កួត នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម នឹងបើកចាប់ពីព្រឹកថ្ងៃទី២២ និងព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០។ ចំណែកមជ្ឍមណ្ឌលបង្ការអន្តរជាតិ នឹងបើកចាប់ពីព្រឹកថ្ងៃទី២២ និងព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១
:៣០ ដូចគ្នាផងដែរ។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ក្នុងប្រទេសកម្ពុជា ប្រជាជនទាំងនៅទីក្រុង និងនៅជនបទ គឺពួកគាត់ចូលចិត្តចិញ្ចឹមសត្វសុខន និងប្រភេទសត្វផ្សេងៗទៀត ខណៈដែលសត្វទាំងនោះ កំពុងរស់នៅជិតស្និទ្ធជាមួយពួកគាត់ផងដែរ។ ដូច្នេះវាអាចកើតជាហានិភ័យមួយដោយយថាហេតុសម្រាប់អ្នករស់នៅជុំវិញសត្វចិញ្ចឹមទាំងនោះ ពីព្រោះសត្វចិញ្ចឹមទាំងអស់ គឺមិនប្រាកដថាបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗនោះទេ។
លោកបានបន្តថា សម្រាប់មនុស្សវិញ ក៏មិនប្រាកដថាពួកគាត់ សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការ និងការការពារខ្លួនពីជំងឺឆ្លងដោយសត្វខាំនោះដែរ។
លោក នុត សម្បត្តិ បន្តថា អាស្រ័យហេតុនេះ នៅក្នុងអំឡុងពេលបោះឆ្នោតជាតិខាងមុខនេះ វាអាចមានការជួបជុំគ្នាច្រើននៅក្នុងតំបន់មួយចំនួននៃរាជធានីភ្នំពេញ ជាពិសេសនៅតាមបណ្ដាខេត្ត បណ្ដាជនបទ និងនៅតាមបណ្ដាឃុំ-សង្កាត់មួយចំនួន ស្របពេលដែលរដូវនេះជារដូវមេឃភ្លៀង រដូវទឹកឡើង ដូច្នេះហើយវាអាចកើតមានហានិភ័យសម្រាប់ប្រជាពលរដ្ឋ ដូចជា សត្វឆ្កែ និងសត្វដែលមានពិសមកខាំជាដើម។
លោកបានថ្លែងថា ៖ «បើកាលណាមានសេវាជំនួយដូច្នេះ វាជាការល្អមួយក្នុងការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយគាំពារសុខភាពរបស់ប្រជាពលរដ្ឋ ខណៈដែលវិទ្យាស្ថានប៉ាស្ទ័រហ្នឹង គាត់ស្រាវជ្រាវនឹងស្វែងរកមេរោគជំងឺ ផ្ដល់សេវាថ្នាំបង្ការ ចាក់វ៉ាក់សាំងមនុស្ស វ៉ាក់សាំងសត្វឆ្កែ និងចាក់វ៉ាក់សាំងសត្វផ្សេងៗទៀតជាយូរមកហើយក្រោមការសហការជាមួយនឹងក្រសួងសុខាភិបាល»។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការ Mission Rabies បានឱ្យដឹងនាពេលកន្លងមកថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយនឹងអង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia ក៏ដូចជាដៃគូក្នុងស្រុកផ្សេងៗ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្កែដោយឥតគិតថ្លៃនៅទូទាំងរាជធានីភ្នំពេញ អស់រយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី២២ ខែឧសភា រហូតដល់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ មានសត្វសុនខសរុបចំនួន ៧៤,៨៧២ក្បាលបានទទួលការចាក់វ៉ាក់សាំងបង្ការ។
អង្គការ Mission Rabies បានបញ្ជាក់ថា ៖ «បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ ពួកយើងនឹងកែលម្អ យុទ្ធសាស្ត្ររបស់ពួកយើងបន្ថែមទៀត ហើយពួកយើងនឹងប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការការពារសុខភាព និងសុខុមាលភាពទាំងមនុស្ស និងសត្វនៅតែមានស្ថិរភាព»។
ប្រភពដដែលបានបន្ថែមថា អង្គការ Mission Rabies និងដៃគូ ក៏នឹងបន្តចុះចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្កែដោយឥតគិតថ្លៃនៅក្នុងខេត្តកណ្ដាលរួមមាន៖ ក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកមុខកំពូល ស្រុកស្អាង និងស្រុកកៀនស្វាយជាដើម៕ ដោយ៖ ជា សុខនី