ក្រសួងធនធានទឹក ប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះព្យុះទី៤ ឈ្មោះ តាលីម ចាប់ពីថ្ងៃទី១៩-២៥ ខែកក្កដា ខាងមុខនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ចាប់ពីថ្ងៃទី១៩-២៥ ខែកក្កដា ដោយសារកម្ពុជា ទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) ខណៈប្រទេសចិន និងវៀតណាមក៏បានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីមុខព្យុះនេះផងដែរ។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកក្កដានេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ទី២៥ ខែកក្កដា កម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន។

ក្រសួងបានបន្តថា លក្ខណៈបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ ដោយលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះតំបន់ខ្ពង់រាប ក៏អាចធ្វើឱ្យតំបន់នេះមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ដោយលាយឡំជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ក្រសួងបញ្ជាក់ថា ៖ «តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។ ដូច្នេះ សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ»។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ឱ្យដឹងដែរថា ខេត្តកែប ជាខេត្តជាប់មាត់សមុទ្រ ដូច្នេះហើយខេត្តនេះកំពុងទទួលរងឥទ្ធិពលពីជ្រលងព្យុះពីប្រទេសជិតខាង ខណៈដែលប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តកែបមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ផងដែរ។

លោកបានបន្តថា អាជ្ញាធរខេត្តបានជូនដំណឹងទៅដល់អ្នកនេសាទ អ្នកទេសចរជាតិ និងអន្តរជាតិ ដើម្បីបង្កើនការប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិ និងហាមឃាត់ពួកគាត់មិនឱ្យចុះនេសាទនោះទេ។

ក្រៅពីនេះទៀត ក្នុងនាមជាអាជ្ញាធរខេត្ត ឯកឧត្តម សោម ពិសិដ្ឋ ក៏បានប្រកាសហាមឃាត់សម្រាប់អ្នកធ្វើដំណើរផ្លូវទឹក មិនត្រូវធ្វើដំណើរឡើយ ក្នុងករណីដែលមិនចាំចាច់ ហើយក៏មិនគួរចេញក្រៅនោះទេ ពីព្រោះវាអាចមានគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើងប្រសិនជាពួកគាត់ធ្វើដំណើរក្នុងអាកាសធាតុមិនអំណោយផលបែបនេះ។

ឯកឧត្តមបានថ្លែងថា ៖ «អាជ្ញាធររបស់យើងបានត្រៀមបម្រុងនូវការសង្គ្រោះបឋម និងដាក់កងកម្លាំងនៅតាមគោលដៅ តាមកោះ តាមឆ្នេរ ដែលជាយន្តការរបស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានត្រៀមបម្រុង ដើម្បីសង្គ្រោះប្រជាពលរដ្ឋទូទៅ ដោយសារខេត្តកែបជាខេត្តទេសចរណ៍ អ៊ីចឹងយើងមានការប្រុងប្រយ័ត្ន និងការពារចំពោះបងប្អូនភ្ញៀវទេសចរ»។

ឯកឧត្តមបន្តថា កន្លងមក បញ្ហាបាតុភូតធម្មជាតិ បានធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងផ្ទះ ប៉ុន្តែបញ្ហាអាកាសធាតុមិនអំណោយផលក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរខេត្តមិនទាន់បានទទួលរបាយការណ៍ថាមានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបានខូចខាត និងរងគ្រោះដោយសារបញ្ហាបាតុភូតធម្មជាតិនេះនៅឡើយទេ។ ក៏ប៉ុន្តែនៅក្នុងតំបន់មួយតូចក្នុងខេត្តកែប ក៏បានរងនូវជំនន់ទឹកភ្លៀង ហើយនិងប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធបង្ហូរទឹកភ្លៀងផងដែរ។

ទាក់ទងនឹងឥទ្ធិពលព្យុះឈ្មោះ តាលីមនេះដែរ តាមការរាយការណ៍របស់បណ្ដាញព័ត៌មាន BBC នៅថ្ងៃទី១៨ ខែកក្កដា ក៏បានលើកឡើងដែរ ព្យុះនេះ បានបក់បោកទៅដល់ខេត្តខ្វាងទុង ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសចិន ដែលបង្កឱ្យមានការជម្លៀសប្រជាជនជិត ២៣០ ០០០ ចេញពីផ្ទះរបស់ខ្លួន។ រីឯនៅប្រទេសវៀតណាមវិញ មនុស្សប្រហែល ៣០ ០០០ នាក់ ត្រូវបានជម្លៀសនៅក្នុងខេត្តភាគខាងជើង Quang Ninh និងHai Phong ដែលរំពឹងថានឹងរងការវាយប្រហារដោយព្យុះធ្ងន់ធ្ងរជាងគេសម្រាប់ប្រទេសមួយនេះផងដែរ៕ ដោយ៖ ជា សុខនី

ads banner