ឯកឧត្តម លី ធុជ៖ គោលដៅយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងធ្វើការបោសសំអាតគ្រាប់មីន និងគ្រាប់រំសេវឱ្យអស់ពីដីតែម្តង
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តជាគោលនយោបាយរាជរដ្ឋាភិបាលតែម្តង ដែលអាណត្តិខាងមុខនេះនឹងធ្វើការបោសសំអាតគ្រាប់មីន និងគ្រាប់រំសេវឱ្យអស់ពីដីតែម្តង។
សម្រាប់ផែនការបោសសម្អាតសម្រាប់អាណត្តិទី៧ដែលនឹងត្រូវធ្វើការបោសសំអាតឯកឧត្តម លី ធុជ បានលើកឡើងដែរថា មានផ្ទៃដីសរុប ១.៨១៧ គីឡូម៉ែត្រក្រឡា ដែលស្មើនឹង ១២ ០៧២ ចម្ការមីន/គ្រាប់, ផ្ទៃដីមានមីន ៥៣៨ គីឡូម៉ែត្រក្រឡា ស្មើនឹង ៦ ៥៤៣ ចម្ការមីន, ផ្ទៃដីមានគ្រាប់បែកចង្កោម ៦៩០ គីឡូម៉ែត្រក្រឡា ស្មើនឹង ២៣៦៣ ចម្ការគ្រាប់ និងផ្ទៃដីមានយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន៥៩០ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣ ១៦៦ ចម្ការគ្រាប់។
ឯកឧត្តម លី ធុជ បានថ្លែងដូចនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលការងារ បោសសម្អាតមីនកន្លងមក ដោយប្រើប្រាស់ថវិកាមូលនីធិសម្តេចជោ សម្រាប់ការងារបោសសម្អាតមីននៅថ្ងៃទី១៨ ខែកក្កដា។
ឯកឧត្តមបានបញ្ជាក់ដែរថា រយៈពេលបីឆ្នាំចុងក្រោយនេះ គឺពី ២០២០-២០២២ កម្ពុជាបានរំដោះផ្ទៃដីមានមីនចំនួន ៤២០ គីឡូម៉ែត្រក្រឡា ស្មើនឹងពាក់កណ្តាលនៃការងារបោសសម្អាតមីនមនុស្សធម៌របស់រដ្ឋភាគីចំនួន ៣៣ ប្រទេសនៃអនុញ្ញាអូតាវ៉ា ដែលកំពុងតែប្រឈម និងប្រតិបត្តិការបោស សម្អាតមីន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានប្រកាសថាកម្ពុជាគ្មានគ្រាប់មីន ការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាមញញឹម ដែលយកឆ្នាំ២០២៥ ឱ្យក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះដោយសារគ្រាប់មីនរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥)។
ចាប់ពីឆ្នាំ ១៩៩២ ដល់ខែមិថុនាឆ្នាំ២០២៣ ផ្ទៃដីបោសសម្អាតរួចមានចំនួន ២ ៧៩៥ គីឡូម៉ែត្រក្រឡា ដោយក្នុងនោះបានរកឃើញមីនប្រឆាំងមនុស្ស ចំនួន ១ ១៦៧ ៧១៥ គ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន ២៦ ២២២ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣ ០៧០ ៥២៦ គ្រាប់។
បើតាមឯកឧត្តម លី ធុជ ចំនួនជនរងគ្រោះបានថយ ចុះពី ៤ ៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោមចំនួន ១០០ នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយនេះ។
ឯកឧត្តមមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រសួងហិរញ្ញវត្ថុ ក៏បានទម្លាក់ថវិកាជាង៣០លានដុល្លារអាមេរិកសម្រាប់គម្រោងកម្ពុជាអស់មីន នៅឆ្នាំ២០២៥ ដែលក្នុងនោះយើងនឹងធ្វើការបោសសំអាតដីដែលមានគ្រាប់មីនឱ្យអស់ប្រមាណជា១០ ៦៨០គីឡូម៉ែត្រក្រឡា។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានឱ្យដឹងថា ជនរងគ្រោះសម្រាប់នីតិកាលទី៦ (២០១៨ ដល់ខែមិថុនា ឆ្នាំ២០២៣) មានចំនួន ២៧៥នាក់ តួលេខនេះមានការថយចុះ ៤៣ភាគរយ បើប្រៀបធៀបនីតិកាលទី៥ (ឆ្នាំ២០១៣ ដល់ខែមិថុនា ឆ្នាំ២០១៨) ដែលមានជនរងគ្រោះចំនួន ៤៨៣នាក់។
ប្រភពដដែលបានបន្តថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីបោសសម្អាតរួចសរុបចំនួន ២១៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនបោសសម្អាតរួច មាន ១១៣ គីឡូម៉ែត្រក្រឡា ដោយបានរកឃើញមីនប្រឆាំងមនុស្ស ចំនួន ១២ ២៩៦ គ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន ៨៧ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣១ ៣០៧ គ្រាប់។ ប្រជាពលរដ្ឋទទួលផលចំនួន ១៥៣ ៧៥០ គ្រួសារ ស្មើនឹង ៥៥២ ០០៧ នាក់។
បើតាមអាជ្ញាធរមីន រាជធានី/ខេត្តអស់មីន សរុបចំនួន ១២ ក្នុងនោះមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តកំពត។
រីឯខេត្តដែលគ្រោងប្រកាសអស់មីន ក្នុងឆ្នាំ២០២៣ មានចំនួនប្រាំមួយខេត្ត ក្នុងនោះមានខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
ក្នុងសន្និសីទសារព័ត៌មានដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានបញ្ជាក់ដែរថា សម្រាប់ផែនការបោសសម្អាតមីនឆ្នាំ២០២៤-២០២៥ មានផ្ទៃដីចំនួន ៣៥៨ គីឡូម៉ែត្រការ៉េ ដែលត្រូវការថវិកាប្រមាណ ៧៨លានដុល្លារ៕ ដោយ៖ នាង សុគន្ធា