និយ័តករបរធនបាលកិច្ច រំពឹងថា ទំហំបរធន នឹងកើនឡើងដល់ ១ ៥០០ លានដុល្លារ នៅចុងឆ្នាំ២០២៣ នេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)បានថ្លែងថា បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ចំនួន ៥៦៤ ករណី ជាមួយនឹងទំហំបរធនជាង ១ ១០០ លានដុល្លារ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ។លោករំពឹងថានឹង កើនឡើងដល់ ១ ៥០០ លានដុល្លារ នៅចុងឆ្នាំ២០២៣ នេះ។

ឯកឧត្តម សុខ ដារ៉ា បានថ្លែងបែបនេះ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច ជាមួយសភាពាណិជ្ជកម្មកម្ពុជាស្តីពីការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

បរធនបាលកិច្ចឬជាភាសាអង់គ្លេសហៅថា Trust ជាយន្តការគតិយុត្តមួយដែលក្នុងនោះម្ចាស់ទ្រព្យ (បរធនបាលទាយក)ប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបុគ្គលទី២ ហៅថាបរធនបាល (ជាបុគ្គលមាន ជំនាញ ចំណេះដឹង បទពិសោធន៍ និងទទួលបានអាជ្ញាបណ្ណពីន.ប.ធ. ធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សា សុវត្ថិភាពជំនួស ដើម្បីជាប្រយោជន៍ដល់ម្ចាស់ទ្រព្យ ឬបុគ្គលទី៣ ហៅអត្ថគាហកៈ។

យន្តការនេះផ្តល់នូវគុណប្រយោជន៍ចម្បងៗរួមមាន ជាថ្នាល់បង្កើត និងបង្កើនទំនុកចិត្ត,មានអនុលោមភាពតាមច្បាប់ តម្លាភាព និងប្រសិទ្ធភាព មានភាពបត់បែនខ្ពស់ និងអាចកាត់បន្ថយហានិភ័យប្រតិបត្តិការ។

ឯកឧត្តម សុខ ដារ៉ា បានបញ្ជាក់ថា ៖ «ការដាក់ឱ្យដំណើរការវិស័យបរធនបាលកិច្ចនៅកម្ពុជា ក៍ដូចជានិយ័តករបរធនបាលកិច្ច ជាការគិតគូរ យ៉ាងល្អិតល្អន់ប្រកបដោយវិចារណកម្មច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងផ្អែកលើផែនទីបង្ហាញផ្លូវនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា»។

ឯកឧត្តមបានបញ្ជាក់បន្ថែម ៖ «ដោយមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ជាពិសេសពីវិស័យឯកជន និងបុគ្គលពាក់ព័ន្ធ ទាំងអស់ដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច មកដល់ពេលនេះ កម្ពុជាបានបង្កើតអត្ថិភាពទីផ្សារ បរធនបាលកិច្ចជាមួយនឹងប្រតិបត្តិការពេញលេញដោយជោគជ័យ»។

ដោយឡែក ចំពោះការចុះអនុស្សរណៈ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ វាជាការបង្កើត និងចាប់យក កាលានុវត្តភាពយុទ្ធសាស្ត្រថ្មីដើម្បីឆ្លើយតបទៅនឹងនិន្នាការទីផ្សារ និងភាពប្រកួតប្រជែងក្នុងតំបន់, បង្កើត្រព័ន្ធបរិស្ថានគ្រប់ជ្រុងជ្រោយ និងប្រព័ន្ធសហថាមភាព (Eco-System & Synergies System) និង សកម្មភាពយុទ្ធសាស្ត្រ និងផ្តល់នូវតម្លៃបន្ថែមក្នុងការទាក់ទាញនូវរំហូរមូលធន និងសន្ទនីយភាពផងដែរ។

នាឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងដែរថា អនុស្សរណៈនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរ អាចរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការយល់ដឹងអំពីដំណើរការអភិវឌ្ឍន៍នៃវិស័យជឿទុកចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា» និងតួនាទី រួមទាំងសារៈសំខាន់នៃយន្តការជឿទុកចិត្តក្នុងការកសាងទំនុកចិត្ត ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែម។

អ្នកឧកញ៉ាមានប្រសាសន៍ថា វាជាការអភិវឌ្ឍគម្រោងអាជីវកម្មណាមួយ ដល់សមាជិកសភាពាណិជ្ជកម្ម (CCC) និងសាធារណជន ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយល់កាន់តែច្បាស់អំពីអ្វីទៅជា Trust? តើយន្តការ និងប្រតិបត្តិការរបស់ Trust មានអ្វីខ្លះ? តើការបង្កើតនិងការចុះបញ្ជីនៃ Trust អាចត្រឹមត្រូវនិងស្របតាមច្បាប់ដោយរបៀបណា?ជាដើម។វាអាចនាំមកនូវអត្ថប្រយោជន៍ផងដែរ ដូចជាការបង្កើតកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងនិយតករ (Trust Regulator) និងវិស័យឯកជន។ ថែមទាំងទាក់ទាញ FDI កាន់តែច្រើន ដោយសារតែគេមានទំនុកចិត្ត។ ការទទួលស្គាល់ពីនិយតករ (TR) ដែលជាស្ថាប័នរបស់រដ្ឋ ដែលវាយតម្លៃក្នុងវិស័យជឿទុកចិត្ត នោះវាពិតជាអាចបំពេញតាមតម្រូវការទាំងអស់នៃបទប្បញ្ញត្តិពាក់ព័ន្ធ។

បើតាម និយ័តករបរធនបាលកិច្ច បច្ចុប្បន្ន មានក្រុមហ៊ុនបរធនបាលចំនួន៨, ធនាគារចំនួន៨, បរធនបាលរូបវន្ត៤៣រូប និងក្រុមហ៊ុនវាយតម្លៃចំនួន១០ហើយ ដែលត្រូវបានទទួលអាជ្ញាបណ្ណ ឬការអនុញ្ញាត ឬការទទួលស្គាល់ពី និយ័តករបរធនបាលកិច្ច៕ ដោយ៖ វណ្ណ សុជាតា

ads banner