ក្រុមហ៊ុន AIAI៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាគំរូការអនុវត្តយុទ្ធសាស្ត្រ «ចតុកោណ» របស់កម្ពុជា និងជាសមិទ្ធផលមិត្តភាពកម្ពុជា-ចិន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) លោក លូ វ៉ី (LU Wei)បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាគំរូការអនុវត្ត និងយុទ្ធសាស្ត្រ «ចតុកោណ» របស់កម្ពុជា និងជាសមិទ្ធផលមិត្តភាពកម្ពុជា-ចិន ដែលបានបង្ហាញពីលទ្ធផលនៃកិច្ចសហការរយ៉ាងជិតស្និទ្ធរវាងកម្ពុជា-ចិន។

លោក លូ វ៉ី បានថ្លែងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេសរបស់សមាគមទេសចរណ៍កម្ពុជា (CATA)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងឱកាសនោះលោកបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិថ្មី លើទឹកដីខេត្តសៀមរាបនេះ នឹងក្លាយជាកម្លាំងជំរុញវិស័យទេសចរណ៍របស់កម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងជាងមុន ត្បិតអីអាកាសយានដ្ឋានមួយនេះ បានប្រកាន់យកនូវគោលការណ៍ អាកាសយានដ្ឋានបូកទេសចរ។ អាកាសយានដ្ឋានថ្មីនេះ ជាអាកាសយានដ្ឋានអន្តរជាតិធុនធំនិងជាទីកន្លែងទេសចរណ៍ដ៏ប្រណិត។ អាកាសយានដ្ឋាននេះនឹងជំរុញការអភិវឌ្ឍអាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាពិសេសទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា បង្កើនទំនាក់ទំនង់រវាង ប្រទេសចិន និងប្រទេសកម្ពុជា ហើយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កាន់តែមានសន្ទុះខ្លាំងជាងមុន»។

លោកបានបន្តថា អាកាសយានដ្ឋានថ្មីនេះ ក៏បានរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌកម្ពុជាផងដែរ ព្រោះថាអាកាសយានដ្ឋាននេះ មានចំងាយប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ មានទំហំដី៧០០ហិកតា ដែលមានស្ដង់ដា កម្រិត៤។

«វាក៏នឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ការបង្កើនការងារ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ ទៀតផង»។ លោក លូ វ៉ី បានបញ្ជាក់បន្ថែម។

ក្នុងរឿងនេះដែរ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានថ្លែងឱ្យដឹងដែរថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។នៅពេលដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ យើងរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។

ក្រោយពីបានចូលរួមនៅក្នុងដំណើរទស្សនកិច្ចនោះដែរលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា យល់ឃើញថា អត្ថប្រយោជន៍ដ៏ធំធេងនៃអាកាសយានដ្ឋានថ្មីនេះ នឹងជំរុញកំណើនវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែឆាប់រហ័សបន្ថែមទៀត។

លោកស្រីបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ថា ៖ «យើងមានហេដ្ឋារដ្ឋារចនាសម្ព័ន្ធស្អាត និងបង្កលក្ខណៈងាយស្រួលហើយ តែអ្វីដែលយើងត្រូវពង្រឹងបន្តទៀត គឺគុណភាពសេវាកម្ម និងការបង្កើតផលិផលទេសចរណ៍ថ្មីបន្ថែមទៀត ព្រោះថា អ្នកទេសចរ ដែលគេមកលេងស្រុកយើង មិនត្រឹមតែមានការធ្វើដំណើរស្រួលនោះទេ តែត្រូវមានអ្វីដែលថ្មីសម្រាប់បង្ហាញគេផងដែរ ។ជាពិសេសគុណភាពសេវាកម្មកម្មនានា ដូចជាសេវាកម្មស្នាក់នៅ ហូបចុក សេវាកម្មភ្នាក់ងារទេសចរណ៍ជាដើម។ទាំងនេះ ជាអ្វីដែលយើងត្រូវគិតគូរ បន្ទាប់ពីយើងមានអាកាសយានដ្ឋាន និងវិថីល្អហើយ»។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួន ២,៤៨០,០៣២នាក់ កើនឡើង ២៧០ ភាគរយ ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤,៧២៥ ជើង កើនឡើង ១៤៨ ភាគរយ ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២។

ដោយឡែកក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើង ក្នុងមួយសប្ដាហ៍ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ ព្រមទាំងចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។ សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បាន ៥០ភាគរយ ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ១៩៕ ដោយ៖ វណ្ណ សុជាតា

ads banner