ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នឹងពង្រីកជំនាញវិជ្ជាជីវៈក្នុងផ្នែកប្រព័ន្ធ ទំនាក់ទំនង បច្ចេកវិទ្យានៅកម្ពុជា
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការកសាងជំនាញវិជ្ជាជីវៈក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដល់យុវជនកម្ពុជា និងពាំនាំបទពិសោធន៍នៃការអភិវឌ្ឍ ជំនាញនៅប្រទេសខ្លួនមកបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_17-58-09-1024x683.jpg)
ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Rho Hyun Jun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_17-58-11-1024x682.jpg)
ឯកឧត្តម រដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កន្លងមកបានសហការ និងជួយគាំទ្រការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន TVET ដូចជា ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ គ្រូបច្ចេកទេស និងសិស្ស-និស្សិត ផ្តល់អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបណ្តុះបណ្តាលជាដើម ។
ឯកឧត្តមបណ្ឌិតមានការពេញចិត្តចំពោះការចូលរួមអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ពីសំណាក់ដៃគូអង្គការ KOICA ខណៈសាធារណរដ្ឋកូរ៉េក៏មានការរីកចម្រើនលើវិស័យបច្ចេកវិទ្យានៅលើពិភពលោកផងដែរ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_17-58-03-1024x682.jpg)
លោក រដ្ឋមន្ត្រីបញ្ជាក់ថា គម្រោងកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ TVET នៅកម្ពុជា ជាពិសេសចូលរួមគាំទ្រផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_17-58-05-1024x682.jpg)
លោក Rho Hyun Jun បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានគាំទ្រលើបេសកកម្មរបស់ KOICA រយៈពេល២០ឆ្នាំមកនេះ ជាពិសេសលើបេសកកម្មក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយ KOICA ក៏ប្តេជ្ញាចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបណ្តុះបណ្តាលធនធានមនុស្សជាបន្តទៀត។
លោកនាយកបានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសសំខាន់បំផុតទី២នៅក្នុងតំបន់ក្នុងការជួយអភិវឌ្ឍជំនាញ TVET ហើយក៏បានប្ដេជ្ញាពាំនាំបទពិសោធន៍នៃការបណ្ដុះបណ្ដាលជំនាញនៅប្រទេសខ្លួន មកជួយបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជីវភាពប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_17-58-15-1024x682.jpg)
គួរបញ្ជាក់ថា គម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា អនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៧ ដែលមានគោលបំណង ដើម្បីរួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អកម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពគ្រូបច្ចេកទេសក្នុងវិស័យ ICT ៕
ដោយ ៖ ម៉ាដេប៉ូ