ឯកឧត្តម សោម សូរីដា៖ រយៈពេល១៩ថ្ងៃ នៃការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល១៩ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សនយោបាយ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ គណបក្សនយោបាយទាំង១៨ ដែលបានធ្វើសកម្មភាពឃោសនា គឺមានភាពចាស់ទុំខាងនយោបាយរបស់គណបក្សដែលបានធ្វើសកម្មភាពឃោសនា ដោយផ្អែកទៅលើគោលការណ៍ដែលបានកំណត់នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពាក់ព័ន្ធទៅនឹងការឃោសនាបោះឆ្នោត រួមជាមួយនឹងបទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល១៩ថ្ងៃ គឺគណបក្សនយោបាយបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ការបោះឆ្នោតនឹងប្រព្រឹត្តទៅនថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ បានចុះបញ្ជីចូលរួមប្រកួតប្រជែង៕
ដោយ៖ពលជ័យ

ads banner