នាយករដ្ឋមន្ត្រី នៃប្រទេសហ្គីណេប៊ីសាវ នឹងចូលរួមសង្កេតការណ៍ដោយផ្ទាល់ការបោះឆ្នោតសកលនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា
ភ្នំពេញ៖ ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់ឯកឧត្តម នូណូ ហ្វូមេស ណាប៊ីអេម មកកាន់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តរវាងប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចូលរួមកម្មវិធីអាហារពេលល្ងាចការងារ ដែលរៀបចំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។ ជំនួបនេះនឹងផ្តល់ឱកាសសម្រាប់ថ្នាក់ ដឹកនាំទាំងពីរ ធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ ជាមួយគ្នានេះ ឯកឧត្តម នូណូ ហ្គូមេស បីអេម ក៏នឹងជួបសន្ទនាផងដែរជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ